(ចិន)៖ វិស័យដឹកជញ្ជូនរបស់ចិន កំពុងស្វែងរកវិធីកាត់បន្ថយបរិមាណរៀបចំស្តង់ដារ និងការកែច្នៃឡើងវិញ ជាលក្ខណៈពាណិជ្ជកម្មនូវសំបកកេសក្រដាស ក្នុងគោលបំណងចង់កាត់បន្ថយការបំពុលបរិស្ថាន។
ជាផ្នែកមួយនៃការអនុវត្តបទបញ្ញត្តិបណ្ដោះអាសន្ន ស្ដីពីសេវាដឹកជញ្ជូនរហ័សដែលបានចូលជាធរមាន កាលពីខែឧសភាកន្លងទៅ ការពិសោធន៍នេះកំពុងប្រព្រឹត្តទៅនៅតាមទីក្រុងចំនួន៨រួមទាំង ទីក្រុងប៉េកាំង និងសៀងហៃផងដែរ។ ក្រុមហ៊ុនផ្ដល់សេវាផ្ញើសាររហ័សចំនួន៦ដូចជា៖ ក្រុមហ៊ុន ស៊ុនហ្វឹង (Shunfeng) និងជីងតុង (Jingdong)ជាដើម។ នេះបើយោងតាមលោក លាវ ចុង មន្ត្រីជាន់ខ្ពស់រដ្ឋបាល ប្រៃសណីយ៍ក្រុងប៉េកាំង។
ក្រុមហ៊ុន ស៊ុនហ្វឹង បានបង្កើតមន្ទីរពិសោធន៍ដំបូងបង្អស់ របស់ក្រុមហ៊ុនក្នុងឆ្នាំ២០១៣ ដើម្បីស្វែងរកវត្ថុ ដែលប៉ះពាល់បរិស្ថានតិចតួច សម្រាប់យកមកផលិតជាកេស និងស្កុត។ នៅឆ្នាំនេះគេបានបង្កើតកេសប្រភេទថ្មីមួយ ដែលអាចប្រើឡើងវិញបាន។
លោក យ៉ាវ ហុងស៊ូ អនុប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន ស៊ុនហ្វឹង អ៊ីចប្រេស ប៉េកាំង បានឲ្យដឹងថា កេសនេះសន្សំសំចៃក្រដាសបានច្រើនណាស់ ហើយការរចនាមានអ្នកប្រើប្រាស់ច្រើន។ ជាក់ស្ដែងកេសចំនួន១០លានប្រអប់ ដែលកំពុងប្រើសព្វថ្ងៃអាចជំនួសឲ្យកេសសេរ៊ីចាស់បាន ដល់ទៅ៥០០លានកេសឯណោះ។
លោកបន្ដថា ក្រុមហ៊ុន ស៊ុនហ្វឹង អ៊ីចប្រេស បានប្រើរថយន្តអគ្គិសនីចំនួន៨ពាន់គ្រឿង មកជំនួសឲ្យថយន្តប្រើសាំងធម្មតា អស់រយៈពេល២ឆ្នាំមកហើយ។ រថយន្តអគ្គិសនីទាំងនេះ កំពុងយកទៅប្រើនៅតាមទីក្រុងជាង៣០ទីក្រុង ដូចជាប៉េកាំង សៀងហៃ និងសិនជិនជាដើម។
លោកថា នៅពីរបីឆ្នាំខាងមុខក្រុមហ៊ុននេះ មានផែនការចង់ប្រើឡានអគ្គិសនីឲ្យបាន១ម៉ឺន៥ពាន់គ្រឿង សម្រាប់ដឹកជញ្ជូន។ ពេលប្រើឡានអគ្គិសនី គេអាចសន្សំប្រេងសាំងបានប្រហែល៣ម៉ឺនតោន និងកាត់បន្ថយការបំភាយឧស្ម័ន បានជាង១សែនតោន។
លោកបញ្ជាក់ថា ប៉ុន្តែក្រុមហ៊ុនដឹកទំនិញទាំងនេះ មិនទាន់អាចងាកមកប្រើវត្ថុធាតុដើម ដែលប៉ះពាល់បរិស្ថានតិចតួចទាំងស្រុងនោះទេ ដោយសារតែវត្ថុទាំងនោះមានតម្លៃខ្ពស់។ តែទោះជាយ៉ាងណាក៏ដោយ នេះនៅតែជាគោលដៅ របស់ក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ នៅប្រទេសចិនដដែល។
លោក លាវ ចុង បានឲ្យដឹងថា ស្ថិតក្នុងដំណាក់កាលបច្ចុប្បន្ន គេត្រូវចំណាយប្រាក់ច្រើនពេកហើយ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ ងាកមកប្រើប្រអប់កេសដែលប៉ះពាល់បរិស្ថានតិចតួច ពីព្រោះថាវត្ថុធាតុដើមថ្មីៗ ដែលមិនសូវប៉ះពាល់បរិស្ថានទាំងនេះមានតម្លៃថ្លៃ។
លោកក៏បានលើកឧទាហរណ៍ថា វត្ថុធាតុដើមដែលងាយរលាយអញ្ជឹង មានតម្លៃថ្លៃជាងវត្ថុធាតុដើមធម្មតា ពី២ទៅ៣ដងឯណោះ។ ចំណែកឯស្កុតដែលអាចប្រើឡើងវិញបាន មានតម្លៃថ្លៃជាងស្កុតធម្មតាដល់ទៅ៤០%ឯណោះ៕ (សារព័ត៌មាន CCTV របស់ចិន)