(ភ្នំពេញ)៖ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមរួមនឹងសមាជិក នៃសមាគមជាច្រើននាក់ទៀត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ ដល់ស្រ្តីមានផ្ទៃពោះចំនួន៤គ្រួសារ និងបុរសរងគ្រោះថ្នាក់ចរាចរណ៍១គ្រួសារទៀត នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគម បានឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ ចំនួន៤គ្រួសារ (ក្នុងរួមមានស្រ្តីវះកាត់ម្នាក់ ស្រ្តីបង្កើតបានកូនភ្លោះ៣ម្នាក់ និងស្រ្តីសរសៃរខ្ចី២នាក់) និងបុរសរងគ្រោះថ្នាក់ចរាចរណ៍១គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន មី១កេស អង្ករ២៥គីឡូក្រាម និងថវិកាក្នុង១គ្រួសារទទួលបាន៦៦ម៉ឺនរៀល។ បន្ថែមពីលើនេះ លោកស្រីទាំង២រូប ក៏បានផ្តល់ជូនរទេះរុញមួយគ្រឿង ជូនដល់បុរសដែលរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ក្នុងឱកាសអញ្ជើញផ្តល់អំណោយ សប្បុរសធម៌នេះផងដែរ លោកស្រីទាំងពីររូប ក៏បានលើកទឹកចិត្តដល់ពួកគាត់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។
ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមរួមនឹងសមាជិក នៃសមាគមជាច្រើននាក់ទៀត សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគមឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។
លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមនេះ បានលើកឡើងព្រមៗគ្នាថា សមាគមនារីខណ្ឌមានជ័យ បានបង្កើត ឡើងជាយូរមកហើយ សមាគមមួយនេះ ផ្តោតជាសំខាន់ក្នុងការជួយទៅដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដែលខ្វះខាត និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ដើម្បី ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ៕