(បន្ទាយមានជ័យ)៖ តំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី ក្នុងវិស័យទេសចរណ៍ ជូនដល់ប្រតិបត្តិករ សេវាករទេសចរណ៍ មន្ត្រីពាក់ព័ន្ធនៅមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យ។
លោកស្រី ហ៊ុន ដានី បានថ្លែងថា វគ្គផ្សព្វផ្សាយនេះ តែងតែត្រូវបានធ្វើឡើងនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ក្នុងវិស័យទេសចរណ៍ដើម្បីបានជ្រួតជ្រាប ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ចំពោះស្រ្តីទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងស្រ្តីទូទៅនៅទូទាំងប្រទេស។ ពិសេសក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី ថោង ខុន តែងបានគិតគូរពីបញ្ហាស្រ្តី ដែលបម្រើការក្នុងវិស័យនេះ ដើម្បីទទួលបានភាព សុខដុមនីយកម្មសង្គម ចៀសវាងបានពីការរើសអើងគ្រប់ប្រភេទ ការរំលោភបំពាន អំពើហិង្សា ការកេងប្រវ័ញ្ច និងការធ្វើអាជីវកម្មផ្លូវភេទ។
លោកស្រីបានបន្ថែមថា ទេសចរណ៍កម្ពុជា គឺជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលមានសក្តានុពលជាច្រើន ដែលត្រូវបង្ហាញទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរ ពោលគឺមិនមែនជាទេសចរណ៍ផ្លូវភេទ មិនមែនជាការលក់សម្រស់ ឬកិតិ្តយសស្រ្តីខ្មែរឡើយ។ ដូច្នេះលោកស្រី បានសំណូមពរ ឲ្យគ្រប់អ្នកពាក់ព័ន្ធ ត្រូវយល់ឲ្យបានច្បាស់ពីបញ្ហានេះ ស្របនឹងទស្សនទាន «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។
លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើការងារមួយចំនួន ដូចជា៖ ទី១៖ផ្សព្វផ្សាយព័ត៌មានស្តីពីបុណ្យអុំទូក បុណ្យសមុទ្រ បុណ្យខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗទៀត នៅកម្ពុជា ដើម្បីឱ្យភ្ញៀវទេសចរបានជ្រួតជ្រាប និងត្រៀមខ្លួនទៅកម្សាន្ត, ទី២៖ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណី អត្តសញ្ញាណស្រ្តីខ្មែរ។
ទី៣៖ ចូលរួមធ្វើឲ្យទីក្រុងស្អាតស្របតាមទស្សនទាន «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ», ទី៤៖ ពង្រឹងការគ្រប់គ្រងស្លាកយីហោ និងឈ្មោះមុខម្ហូប នៅតាមមូលដ្ឋានអាជីវកម្ម, ទី៥៖ ចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ការធ្វើអាជីវកម្មផ្លូវភេទ ក្នុងវិស័យទេសចរណ៍ និងទី៦៖ចូលរួម «ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា»។
គួរបញ្ជាក់ថាក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៨ កម្ពុជាទទួលបានបានភ្ញៀវទេសចរអន្តរជាតិជាង ៤,៣លាននាក់ ក្នុងកំណើន១១.៨ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៧។ ជាការរំពឹងទុកកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់ នៅឆ្នាំ២០១៨ និង៧លាននាក់នៅឆ្នាំ២០២០៕