(ភ្នំពេញ)៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកំណាត់ឈើ នៅក្នុងផ្ទះលក់ឈើរបស់ជនជាតិវៀតណាម ដែលត្រូវតុលាការបិទសៀលឃ្លុំបេ កាលពីឆ្នាំ២០១៦។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១៖៤០នាទី នៅចំណុចផ្ទះលេខ៤C ផ្លូវលេខ៦១៦ ក្រុមទី៨៥ ភូមិ១៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់អធិការនគរបាលខណ្ឌ លោក សុខ ហេង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែម ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ដោយដេកចល័តលើម៉ូតូកង់បី។ ជនសង្ស័យមានទីកន្លែងកំណើត ភូមិដូងធំ ឃុំគោក ព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក VIVA ពណ៌ក្រហម អត់ស្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន 0099170, កន្ទុយរ៉ឺម៉កចំនួន១ ជារបស់ជនសង្ស័យធ្វើសកម្មភាព, កំណាត់ដុំឈើ និងកំណាត់ឈើតាប៉ែត ប្រវែងប្រហែល៦តឹកមួយចំនួន ជារបស់ម្ចាស់ផ្ទះ។
ផ្ទះកើតហេតុត្រូវតុលាការបិទសៀលឃ្លុំបេ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន កាលពីកំឡុងក្នុងឆ្នាំ២០១៦។ ម្ចាស់ផ្ទះឈ្មោះ ចន ឃុនអេន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកែច្នៃឈើ ផ្ទះលេខ៤C ផ្លូវ លេខ៦១៦ ក្រុមទី៨៥ ភូមិ១៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានរត់គេចខ្លួនទាំងគ្រួសារ ក្នុងពេលដែលកំលាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្ក្រាប។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕