(កំពង់ឆ្នាំង)៖ មន្រ្តីសាខាកាំកុងត្រូលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត, មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរដែនដី បានដុតកម្ទេចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ស្ថិតនៅវាលខ្សាច់ស ភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលមន្រ្តីជំនាញរបស់លោកដកហូតពីអាជីវករ លក់ដូរនានា នៅក្នុងខេត្តកំពង់ឆ្នាំងខាងលើ រួមមាន៖ ទឹកក្រូចកូកា ចំនួន៤៥៣ដប ស្មើនិង ២៥៥,៦kgs, ទឹកក្រូចហ្វាន់តាចំនួន៧៧២ដប ស្មើនិង៥០៣,៨ kgs, ទឹកក្រូចហ្វាន់តាចំនួន៣៤២កំប៉ុងស្មើនឹង១០៤,៣kgs , ទឹកផ្លែឈើចំរុះចំនួន៥១២ដប ស្មើនឹង១៧២,៨ kgs, ទឹកសណ្តែក k.d ចំនួន៦៦៨ដប ស្មើនឹង២៣៤ kgs, ភេសជ្ជៈ សាម៉ូរ៉ៃ ចំនួន៣៧២ដប ស្មើនឹង១៨៦ kgs, ភេសជ្ជៈអាក្វរៀ ចំនួន២០៩កំប៉ុង ស្មើនឹង៨៣,៦ kgs, ភេសជ្ជៈវីតា៥០០ ចំនួន៨៤០កំប៉ុង ស្មើនឹង២៥២ kgs, ភេសជ្ជៈ wurk ចំនួន២៤០កំប៉ុង ស្មើនឹង៧២kgs, នំចំរុះ ចំនួន៦៤កញ្ចប់ស្មើនឹង ៤,៨ kgs, ទឹកដោះគោខាប់ ចំនួន៩៤កំប៉ុង ស្មើនឹង១៦,៩៨ kgs សរុប១,៨៨៥.៨៨ kgs។
លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុន និងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យ បានច្បាស់លាស់ ជាមុនសិន ចៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។
នៅក្នុងឱកាសនោះដែរ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានតាមដាន ពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូត នៅតាមបណ្តាស្ថានីយ៏ប្រេងឥន្ធនៈចំនួន៤ទីតាំង ក្នុងខេត្ត កំពង់ឆ្នាំង គឺប្រេងសាំង និងប្រេងម៉ាស៊ូត មានតម្លៃសមស្របទៅនឹងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសាំងធម្មតា មានតម្លៃមិនលើសពី ៤,០០០៛/លីត្រ និងប្រេង ម៉ាស៊ូត មានតម្លៃមិនលើសពី ៤,០០០៛/លីត្រ ឡើយ៕