(កំពង់ធំ)៖ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធិផលនានា ដែលខេត្តកំពង់ធំសម្រេចបាននាពេលកន្លងមក ក៏ដូចជាការស្វែងយល់ពីការលំបាក និងបញ្ហាប្រឈម ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ដើម្បីយកមកដោះស្រាយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រចាំឆ្នាំ២០១៨ ស្ថិតនៅសាលាស្រុកបារាយណ៍ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់។
លោក ដៀប ពិរី បានលើកឡើងថា វេទិការផ្សព្វផ្សាយនេះគឺជាការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ បានសាកសួរអំពីបញ្ហាមួយចំនួន ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធន៍ ផ្លាស់ប្ដូរយោបល់ និងពិភាក្សាគ្នាដោយលើកសំណូមពរ ឬក៏ជាបញ្ហាផ្ទាល់ខ្លួន អំពីការអភិវឌ្ឍដោយចីរភាព និងប្រសិទ្ធភាព។
នៅក្នុងវេទិកានោះ ប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាមួយចំនួន ដូចជាបញ្ហាដីធ្លី បញ្ហាជលផល បញ្ហាអគ្គិសនី បញ្ហាការបម្រើសេវាសាធារណៈ បញ្ហាធ្វើសំបុត្រកំណើត ដូចជាការខុសឈ្មោះខុសថ្ងៃខែឆ្នាំកំណើត ខុសអាសយដ្ឋានជាដើម។ ជាមួយគ្នានេះ អង្គវេទិកាបានបកស្រាយបំភ្លឺនូវសំណូមពរ និងសំណួរជូនប្រជាពលរដ្ឋ និងមានវិធានការបន្តដោះស្រាយបញ្ហា ចំពោះសំណួរ និងសំណូមពរដែលនៅសេសសល់។
ពាក់ព័ន្ធនឹងពាក់ព័ន្ធនឹងបញ្ហាភូមិឃុំមានសុវត្ថិភាព នៅក្នុងស្រុកបារាយណ៍ លោក សួង ថេង អធិការនគរបាលស្រុក បានប្ដេជ្ញាចិត្តខិតខំទប់ស្កាត់រាល់បទល្មើស នៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចជាល្បែងស៉ីសង ល្បែងជល់មាន់ ក្មេងទំនើង និងគ្រឿងញៀន។
លោក សុខ លូ និងលោក ដៀប ពិរី បានក្រើនរំលឹកដល់មន្ត្រីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាប្រជាពលរដ្ឋ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ចុងក្រោយលោកក៏បានផ្តាំផ្ញើ ដល់លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់បង្រៀនសិស្ស និងត្រួតពិនិត្យចំពោះចំណីអាហារ ដែលតាំងលក់នៅតាមសាលារៀន ថាតើមានអនាម័យដែរឬទេ៕