Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គកឋិនទាន ដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដង្ហែទៅកាន់វត្តបុរីស្វារៈ និងវត្តកែវសិក្ខាគិរីស្វារៈ ប្រមូលបច្ច័យបានជិត៥ម៉ឺនដុល្លារ

14-11-2018 14:31

(ព្រះវិហារ)៖ អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានដង្ហែវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តបុរីស្វាៈមរតកតេជោ ស្ថិតក្នុងភូមិធម្មជាតិ និងវត្តកែវសិក្ខាគីរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ស្ថិតនៅលើខ្នងភ្នំប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រមូលបច្ចយ័បានជិត៥ម៉ឺនដុល្លារអាមេរិក។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា បុណ្យកឋិនទានសាមគ្គី ដែលដង្ហែនៅពេលនេះ គឺផ្តួចផ្តើមឡើងដោយសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, លោកស្រី ប៉ែន ចន្នី, សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ, លោកស្រី គឹម សេតារា ប្រធានអជ្ញាធរជាតិប្រាសាទព្រះវិហារ, លោកស្រី គង់ ពុទ្ធិការ អគ្គនាយកអជ្ញាធរជាតិប្រាសាទព្រះវិហារ, រូបលោក និងពុទ្ធបរិស័ទជិតឆ្ងាយ ដោយបានប្រមូលបច្ច័យសរុបចំនួន ១៨១.០៩៣.៥០០លានរៀល។

ថវិកាដែលបានមកពីអង្គកឋិនទានសាមគ្គីនេះ ត្រូវប្រគេនព្រះសង្ឃចំនួន២វត្ត គឺវត្តបុរីស្វារៈមរតកតេជោ ក្នុងភូមិធម្មជាតិ ដែលដឹកនាំដង្ហែដោយលោក គឹម សេតារា និងវត្តកែវសិក្ខាគីរីស្វារៈ ដឹកនាំដង្ហែដោយរូបលោកផ្ទាល់។

លោកបញ្ជាក់ទៀតថា ដោយមានការចូលរួមបច្ច័យជាបន្តបន្ទាប់ ពីពុទ្ធបរិស័ទជិតឆ្ងាយ បច្ច័យដែលត្រូវវេរប្រគេនព្រះសង្ឃ នៅវត្តកែវសិក្ខាគីរីស្វារៈ មានចំនួន៨៥លានរៀល សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីអារ៉ាមនេះផងដែរ៕