Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញស្ថានីយ៍ប្រេងសាំងចំនួន១៥ ក្នុងខេត្តតាកែវលក់មិនមានភាពប្រក្រតី

14-11-2018 14:13

(តាកែវ)៖ ការចុះមកត្រួតពិនិត្យតាមបណ្ដាលស្ថានីយ៍ និងដេប៉ូប្រេងសាំង នៅក្នុងខេត្តតាកែវ ពីសំណាក់រថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីកាំកុងត្រូលខេត្ត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរកឃើញស្ថានីយ៍ និងដេប៉ូលក់ប្រេងសាំងចំនួន១៥ លក់មិនមានភាពប្រក្រតី។

លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ បានបញ្ជាក់ថា នៅព្រឹកនេះ អគ្គនាយកដ្ឋានកាំកុងត្រូង បានចុះត្រូតពិនិត្យដេប៉ូលក់ប្រេងសាំងចំនួន១៩ រកឃើញដេប៉ូលក់ប្រេង សាំងចំនួន១៥ លក់មិនត្រឹមត្រូវ។ ក្នុងនោះរួមមាន៖ ដេប៉ូលក់ប្រេងសាំង៣ មិនអនុលោមភាពទាំងបរិមាណ និងគុណភាព, ដេប៉ូលក់ប្រេងសាំង១១ មិនអនុលោមភាពផ្នែកបរិមាណ, និងដេប៉ូលក់ប្រេងសាំង១ មិនសហការ។

លោក មាន ចំណាប់ បានបន្ថែមទៀតថា ស្ថានីយដេប៉ូដែលលក់មិនមានភាពប្រក្រតីទាំងនោះ រួមមាន៖

១៖ ដេប៉ូ Tela ឈាវ លាំង ភូមិស្រង៉ែ ផ្លូវជាតិលេខ៣ ឃុំឧត្តមសូរីយា ស្រុកត្រាំកក់
២៖ ដេប៉ូ Tela ជៀក ច្រូវ តាកែវ ភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ
៣៖ ដេប៉ូ Savimex ណុប ម៉ារីយ៉ាន ភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ
៤៖ ស្ថានីយ Sokimex ១មករា ភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ
៥៖ ស្ថានីយ L.H.R ក្រុងដូនកែវ សង្តាត់រកាក្រៅ ក្រុងដូនកែវ
៦៖ ដេប៉ូ Tela សុខ ឫទ្ធី ភូមិព្រៃហ្ម ផ្លូវជាតិ២ សង្តាត់រកាក្នុង ក្រុងដូនកែវ (មិនសហការ)
៧៖ ដេប៉ូ Total សែ សុខ ម៉េង សំរោងយ៉ោង ភូមិស្មៅខ្ចី ផ្លូវជាតិលេខ២ ឃុំត្រពាំងសាប ស្រុកបាទី
៨៖ ដេប៉ូ Tela ភាព សំណាង ពូនភ្នំ ផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងថា ចំពោះស្ថានីយ៍ប្រេងសាំងលក់មិនមានគុណភាព មន្រ្តីជំនាញបានដកហូតយកគំរូទៅវិភាគ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ហើយបើយើងរកឃើញថា ប្រេងសាំងទាំងអស់នេះ នៅតែលក់មិនគ្រប់លីត្រ និងមិនមានគុណភាពដូចអ្វីដែលយើងពិនិត្យ នៅរថយន្តពិសោធន៍ យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញ និងសេវា។

លោកបានសង្កត់ធ្ងន់ថា «នេះជាការអនុវត្តន៍ច្បាប់ ដោយមិនមានការអប់រំតទៅទៀតនោះទេ។ ស្ថានីយ៍ណាមួយដែលលក់ប្រេងសាំងមិនគ្រប់លីត្រ ឬមិនមានគុណភាព ត្រូវតែទទួលការពិន័យទៅតាមច្បាប់កំណត់»។

នៅក្នុងឱកាសនោះដែរ លោកប្រធានសាខាកាំកុងត្រូល ក៏បានធ្វើការអំពាវនាវឲ្យម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងសាំងទាំងអស់ សូមលក់ឲ្យគ្រប់លីត្រ មានគុណភាពល្អ ដើម្បីបំរើសេដ្ឋកិច្ចសាធារណៈ និងផ្ដល់ជំនឿទុកចឹត្តពីសំណាក់អ្នកប្រើប្រាស់៕