(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែទាំ សម្អាតអនាម័យ ជុំវិញផ្លូវក្នុងទីប្រជុំជន និងតាមដងស្ទឹង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាឱ្យបានច្រើនកុះករ ក្នុងពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹទ្ធទៅចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
លោកអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវបែបនេះ ក្នុងឱកាសចុះសួរសុខទុកអាជីវករផ្សារពោធិ៍សាត់ ពិនិត្យវេទិកាអុំទូក និងហេដ្ឋានរចនាសម្ព័ន្ធបំពេញបន្ថែម លើការរៀបចំប្រព័ន្ធលូរំដោះទឹក តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ ការស្តារឡើងវិញកំណាត់ផ្លូវកៅស៊ូលេខ២០៧ ចូលវត្តពាលញែក ធ្វើយ៉ាងណាឲ្យលេចចេញនូវសោភណ្ឌភាព ផាសុកភាព។
លោក ម៉ៅ ធនិន បានថ្លែងថា ឆ្នាំនេះរដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូក «ង» ខ្នាតអន្តជាតិ ដែលមានទូកចូលរួមប្រកួតចំនួន១៣គូ។ លោកសង្ឃឹមថា នៅថ្ងៃប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ឆាប់ៗខាងមុខនេះ នឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនា មិនតិចជាងមួយម៉ឺននាក់ឡើយ។ លោកបន្ថែមថា ក្រោយបញ្ចប់ពិធីប្រណាំងទូកខាងលើនេះ វេទិកាដែលសាងសង់ឡើងដោយប្រភេទឈើប្រណិត ស្របតាមបទដ្ឋានបុរាណខ្មែរ នឹងប្រគល់ជូនកងកម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សម្រាប់ធ្វើជាស្នាក់ការល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយើង។ ដោយឡែកបងប្អូនដែលរៀបអាពាហ៍ពិពាហ៍ មានលំនៅដ្ឋានក្បែរនឹងរោងវេទិកានេះ អាចចាប់ផ្តើមរៀបជំនូនដង្ហែរចេញពីទីនេះក៏បាន។
បន្ថែមពីនោះ លោកអភិបាលខេត្ត បានជម្រុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវបន្ថែមបំពាក់ប្រព័ន្ធសារ៉ែនសុវត្ថិភាព នៅពេលមានផ្សែង ឬហេតុការណ៍អ្វីកើតមានឡើងជាយថាហេតុ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនអាជីវករ។ លោកក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផងដែរថា “បងប្អូនត្រូវតែដឹងគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, បើគ្មានសម្តេចទេ នោះក៏គ្មានវត្តមានរបស់លោក នៅទីនេះដែរ, ហើយការដែលយើងមានសព្វថ្ងៃ គឺដោយសារគុណ ៧ មករា ១៩៧៩ នាំឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៌”។
តំណាងអាជីវករ បានធ្វើការប្តេជ្ញាចិត្តដើរតាមមាគារបស់សម្តេចតេជោ ហ៊ុន សែន និងសំណូមពរដល់សម្តេច សូមកុំឲ្យអភិបាលខេត្ត ដែលមានចិត្តមេត្តាករុណា និងមានព្រហ្មវិហាធម៌ចំពោះប្រជាពលរដ្ឋ ចាកចេញឆ្ងាយពីខេត្តពោធិ៍សាត់នេះឡើយ។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យគម្រោងអភិវឌ្ឍន៍បន្ត សួនច្បារ ៧មករា ដែលកសាងឡើងក្នុងអំឡុងអាណត្តិអតីតអភិបាលខេត្ត លោក អ៊ុង សាម៉ី នៅជាប់ស្ពានថ្ម ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ផងដែរ៕