(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ នៅតែបន្តសកម្មភាព ក្នុងការស៊ើបអង្កេតរហូតបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់ ចំពោះជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ បន្ថែមទៀតហើយ ក្នុងនោះដកហូតបានថ្នាំញៀន៧កញ្ចប់ ក្នុង៣គោលដៅ និង៣ករណីផ្សេងគ្នា។
ប្រតិបត្តិការនេះធ្វើឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក និងនៅតាមបណ្ដោយផ្លូវលំ ក្នុងក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក និងមួយទីតាំងទៀត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ដោយបានអនុវត្តឡើងទាំងព្រឹក និងថ្ងៃទី១២ រហូតមកដល់ពេលរាត្រីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក គល់ យី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបចំពោះក្រុមជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៦នាក់នេះ គឺបានធ្វើឡើងហាក់បីដូចជាភ្លៀងរលឹម ក្នុងទិសដៅអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីបើកការស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនជាក់ស្ដែង ដោយជំហានដំបូង ក្នុងករណីទី១ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ក្នុងនោះមានឈ្មោះ ភួង សុភ័ស្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក និងម្នាក់ទៀតឈ្មោះ មីន មុសា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម មុខរបរលក់ត្រី ស្នាក់នៅភូមិឃ សង្កាត់ច្រាំចំរេះទី២ ដកហូតបានក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច។
លោកអធិការបន្តថា ក្នុងករណីទី២ ក៏ជាការប្រើប្រាស់គ្រឿងញៀនផងដែរ ដោយក្នុងប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតមានឈ្មោះ ង្វៀង យ៉ាំងតុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅភូមិថ្មី សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងម្នាក់ទៀតឈ្មោះ បូរ សម្បតិ្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិថ្មី សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដកហូតបានក្រាមពណ៌សថ្លាចំនួន០១កញ្ចប់។
លោកអធិការខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា រាល់សកម្មភាពទាំងស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងនៅតែបន្ត រហូតឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀនចំនួន២នាក់បន្ថែមទៀត ក្នុងករណីទី៣ ក្នុងនោះមានឈ្មោះ តឿ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិស្ទឹងមានជយ័ សង្កាត់ស្ទឺងមានជយ័ ខណ្ឌមានជយ័ (ជួញដូរ) និងម្នាក់ទៀតឈ្មោះ បូ ផាត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់) ដកហូតបានក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច រួមជាមួយឧបករណ៍ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។
លោកអធិការបានឲ្យដឹងផងដែរថា រាល់ក្រោយការបង្ក្រាបគ្រប់បទល្មើសទាំងឡាយ ចំពោះជនសង្ស័យ និងវត្ថុតាងដកហូតបានពីសកម្មភាព ត្រូវបានបញ្ជូនមកបន្តឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕