(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គ «ហ្វឹកហ្វឺនបំប៉ន ការងារបច្ចេកទេសជំនាញរថក្រោះរថពាសដែក ឆ្នាំ២០១៨» នៅសាលាហ្វឹកហ្វឺនជំនាញ រថក្រោះរថពាសដែក ACO និងសម្ភោធន៍ដាក់ឱ្យប្រើប្រាស់នូវអាគារអាហារដ្ឋាន១ខ្នង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះនៃ ខ ភ ម និងជាមេបញ្ជាការបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការ បានឱ្យដឹងថា ពិធីហ្វឹកហ្វឺននេះ បញ្ជាការដ្ឋានរថក្រោះ បានសហការជាមួយសាលាហ្វឹកហ្វឺនជំនាញរថក្រោះ ដោយបាបើកវគ្គហ្វឹកហ្វឺន ការងារបច្ចេកទេសជំនាញរថក្រោះ រថពាសដែក ១វគ្គ ដែលមានចូលរួមពីសំណាក់សិក្ខាកាម សរុបចំនួន១៥៤នាក់ ហ្វឺកហ្វឹនរយរយៈពេល ៣ខែ។
ឆ្លៀតក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានពាំនាំប្រសាសន៍សួរសុខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកត្តិព្រឹត្តបណ្ឌិត, សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន ពលទាហាន នៅក្នុងបញ្ជាការដ្ឋានរថក្រោះ និងសិក្ខាកាមផងដែរ ។
នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់យោធិនទាំងអស់ ត្រូវមានការស្មោះត្រង់នឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវខិតខំកសាងជំនាញរបស់ខ្លួន ចូលរួមក្នុងការការពារបូរណភាពទឹកដី និងមានការសាមគ្គីឯកភាពគ្នា ដើម្បីការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ។ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាត និងវាយបកនូវរាល់ឧបាយកលរបស់ជនអគតិមួយចំនួនតូចដែលចង់បំផ្លាញ់សុខសន្តិភាពកម្ពុជា។
ក្នុងពិធីបើកវគ្គនោះដែរ នាយឧត្តមសេនីយ៍ ក៏បានផ្តល់ថវិការដល់បញ្ជាការដ្ឋានរថក្រោះ ចំនួន ២៣,៥២០,០០០រៀល៕