(ភ្នំពេញ)៖ នៅថ្ងៃពុធទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រៅពីបន្តប្រចាំការនៅផ្សារជម្ពូវ័ន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់ នៅតាមម៉ាតមួយចំនួន ជាអាទ៌ផ្សារ C mart និងផ្សារ Star Mart នៅកំណាត់ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្រ្តីសាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ជាលទ្ធផល ក្រុមការងារបានពិនិត្យឃើញមានទំនិញមួយចំនួន ខូចគុណភាពហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ ហើយត្រូវបានមន្រ្តីជំនាញ ធ្វើកំណត់ហេតុដកហូត និងស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ ។
មន្រ្តីកាំកុងត្រូល បានឲ្យដឹងទៀតថា ទំនិញទាំងនោះរួមមាន រួមមាន៖ នំកញ្ចប់កូនក្មេង នំដំឡូងបារាំងចៀន និងទឹកផ្លែឈើ សរុបចំនួន ១៤គីឡូក្រាម ។
មន្រ្តីសាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានធ្វើការណែនាំដល់អាជីវករលក់ដូរតាមម៉ាតទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញ ឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទ នៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះ ផងដែរ ។
នៅក្នុងឱកាសនោះដែរ មន្រ្តីសាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានតាមដាន ឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូត នៅតាមបណ្តាស្ថានីយ៏ប្រេងឥន្ធនៈនានា ក្នុងភូមិសាស្រ្តខណ្ឌសែនសុខវិញ គឺប្រេងសាំង និងប្រេងម៉ាស៊ូត មានតម្លៃសមស្របទៅនឹងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសាំងធម្មតា មានតម្លៃមិនលើសពី ៤,០០០៛/លីត្រ និងប្រេង ម៉ាស៊ូត មានតម្លៃមិនលើសពី ៤,០០០៛/លីត្រ ឡើយ៕