(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងធ្វើសន្និសីទសារព័ត៌មាន មុនការប្រកាសសាលក្រមជនជាប់ចោទ នួន ជា និងខៀវ សំផន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អ.វ.ត.ក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
សេចក្តីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីឆ្ពោះទៅកាន់ការប្រកាសសាលក្រម របស់អ.វ.ត.ក លើសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន តំណាងផ្សព្វផ្សាយជាតិ និងអន្តរជាតិ ទាំងអស់ត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទ សារព័ត៌មាន ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៨ ពីម៉ោង១០៖០០ព្រឹក ដល់ម៉ោង១១៖០០ព្រឹក នៅអ.វ.ត.ក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា តំណាងសារព័ត៌មាន អាចយកបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន សម្រាប់ចូលរួមក្នុងថ្ងៃប្រកាសសេចក្តីសំអាងហេតុ និងផ្នែកនៃសេចក្តីសម្រេច នៃសាលក្រមក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ផងដែរ៕