(មណ្ឌលគិរី)៖ ថ្លែងចេញពីស្រុកកែវសីមា ខេត្ដមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបន្ដ និងបង្កើនការយកចិត្ដទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលាដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយ។
ការអំពាវនាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសអញ្ជើញបន្ដសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣៥៨គ្រួសារ ដែលមកពីភូមិចំនួន១៥ ឃុំចំនួន៣ នៃស្រុកកែវសីមា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ភូមិឃុំ ហើយក៏យើងមានសាខាគ្រប់ទាំង២៥ដែរ ត្រូវមើលមានប្រជាពលរដ្ឋណាដែលចាស់ជរាណាគ្មានទីពឹង ហើយនៅម្នាក់ឯង អត់មានដីធ្លី ដើរស៊ីឈ្នួលគេ ត្រូវយកចិត្តទុកដាក់បំផុតចំពោះពុកម៉ែបងប្អូន ដែលមានការលំបាក ដែលយើងត្រូវចុះទៅជួបដោយផ្ទាល់ជាមួយគាត់ បានដឹងថាការលំបាកវេទនារបស់គាត់យ៉ាងដូចម្តេច»។
បន្ថែមពីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឆ្លៀតគូសរំលឹកឡើងវិញ អំពីប្រវត្តិដ៏ជូរចត់ និងសោកសង្វែង នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគ្មានការជួបជុំ គ្មានរបបអាហារគ្រប់គ្រាន់ ធ្វើការហួសកម្លាំងពលកម្ម ប៉ុន្ដែបច្ចុប្បន្ននេះប្រទេសកម្ពុជា មានសុខសន្ដិភាពគ្រប់គ្រាន់ មានស្ថិរភាពនយោបាយ ប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពរៀងៗខ្លួន។
ដូច្នេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បន្ដអំពាវនាវឲ្យជនរួមជាតិទាំងអស់ ត្រូវប្ដេជ្ញារួបរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថែរក្សានូវសុខសន្ដិភាព និងស្ថិរភាពនយោបាយដែលកំពុងមានសព្វថ្ងៃនេះ ដើម្បីកុំឲ្យកម្ពុជាវិលត្រឡប់ទៅរករបបខ្មៅងងឹតដូចអតីតកាល។
ជាមួយគ្នានេះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្ដាំផ្ញើដល់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាអនាម័យ ជុំវិញផ្ទះ និងដាំទឹកឲ្យឆ្អិន ដើម្បីថែរក្សាសុខភាព ហើយបើសិនមានបញ្ហាសុខភាពអ្វីកើតឡើង ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ហើយក៏ត្រូវតែចូលរួមលុបបំបាត់អំពើហិង្សា និងលុបបំបាត់បញ្ហាគ្រឿងញៀន ព្រមទាំងចេះជួយគ្នាទៅវិញទៅមកនៅក្នុងមូលដ្ឋាន។