(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំតុមូល នៃកម្មវិធីជាតិកំចាត់រោគហង់សិនលើកទី២៥ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា ក្រសួងសុខាភិបាល បានកាត់បន្ថយជំងឺហង់សិន ឬជំងឺឃ្លង់ឲ្យលែងជាបញ្ហាសុខភាពសាធារណៈ ប៉ុន្ដែមិនទាន់បានលុបបំបាត់ទាំងស្រុងនោះទេ។
លោកសាស្ដ្រាចារ្យ អេង ហួត បានបញ្ជាក់ថា ការអនុវត្ដសកម្មភាពរបស់កម្មវិធីជាតិកំចាត់រោគហង់សិន បានបន្ដក្នុងឆ្នាំ២០១៨ ជំងឺហង់សិន ត្រូវបានក្រសួងយកចិត្ដទុកក្នុងចំណោម ជំងឺឆ្លងដទៃជាច្រើនទៀត នៅក្នុងប្រទេស។ ប្រព័ន្ធទិន្នន័យរបស់កម្មវិធីជាតិកំចាត់រោគហង់សិន ត្រូវបានរៀបចំ និងដាក់ឲ្យដំណើរការ។
លោកសាស្ដ្រាចារ្យ បានបន្ថែមទៀតថា ជំងឺហង់សិន ដែលចុះបញ្ជីទាំងអស់ ត្រូវបានគេបញ្ចូលក្នុងប្រព័ន្ធទិន្នន័យ វាបានផ្ដល់នូវសារសំខាន់ ដល់ការស្វែងរកព័ត៌មានក្នុងវាយតម្លៃ និងគ្រប់គ្រងការស្វែងរកករណីថ្មី។ សកម្មភាពរបស់កម្មវិធីជាតិកំចាត់រោគហង់សិន រាប់បញ្ចូលទាំងការគ្រប់គ្រងប្រតិកម្ម ការផ្គត់ផ្គង់ថ្នាំ ដែលនាំឲ្យសម្រេចបានគោលដៅ និងសកម្មភាពថ្មីៗទៀត នៅពេលអនាគត។
រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា «នៅឆ្នាំ២០១៨ យើងបានផ្ដោតសំខាន់លើការ បន្ដការបំពេញចន្លោះប្រហោររវាងសហគមន៍ និងប្រព័ន្ធសុខភាពដោយពង្រឹងចំណេះដឹង ប្រជាជនឲ្យពួកគាត់ មកទទួលការពិគ្រោះជំងឺ ស្រាវជ្រាវ និងការព្យាបាល»។
លោកសាស្ដ្រាចារ្យ អេង ហួត បញ្ជាក់ទៀតថា «យើងលើកទឹកចិត្ដឲ្យមានយុទ្ធសាស្ដ្រថ្នាក់ខេត្ត-ស្រុក ធ្វើការជាមួយអ្នកស្ម័គ្រចិត្ដក្រុមការងាររបស់រាជរដ្ឋាភិបាល និអង្គការក្រៅរដ្ឋាភិបាល ហើយក៏មានយុទ្ធនាការ ផ្សព្វផ្សាយតាមរោងចក្រ និងប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ»។
លោកបន្ដថា ផ្នែកស្ដារលទ្ធភាពពលកម្មសម្រាប់ជនរងគ្រោះ ដោយសារជំងឺហង់សិន ដែលបានបង្កើតឡើងសម្រាប់ព្យាបាលអ្នកជំងឺ ដែលមានពិការភាព នៅមជ្ឍមណ្ឌលជាតិស្ដារលទ្ធភាព ពលកម្មជនពិការគៀនឃ្លាំងភ្នំពេញ បាននឹងកំពុងដំណើរការយ៉ាងល្អ។
ជាងនេះទៅទៀត ក៏មានផ្នែកថែទាំដំបៅជើងស្ពឹក នៅមន្ទីរពេទ្យខេត្តបាត់ដំបង់ សម្រាប់ព្យាបាលដំបៅបាតជើង ដែលបណ្ដោលមកពីជើងស្ពឹក និងផ្ដល់សេវាវះកាត់ស្ដារដល់អ្នកជំងឺហង់សិន និងអ្នកជំងឺទឹកនោមផ្អែក ដែលកំពុងតែរីកចំរើនបានល្អផងដែរ។
«យើងបានកាត់បន្ថយជំងឺហង់សិន ឲ្យលែងជាបញ្ហាសុខភាពសាធារណៈ ប៉ុន្ដែមិនទាន់បានលុបបំបាត់ទាំងស្រុងនោះទេ។ មានន័យថា ការចម្លងកម្រិតទាប និងនៅតែបន្ដមាន ដែលជាលទ្ធផលការកើតឡើងករណីថ្មី នៅតែមាន។ យើងដឹងថាដំណាក់កាលសំងំនៃជំងឺនេះ មានរយៈពេលយូរ វានឹងបន្ដមានករណីថ្មី ច្រើនឆ្នាំខាងមុខទៀត»។ នេះជាការគូសបញ្ជាក់របស់ លោកសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ទន្ទឹមគ្នានេះ លោកសាស្ដ្រាចារ្យ អេង ហួត បានបញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែផ្ដោតលើការស្វែងរកករណីថ្មី ជំងឺហង់សិន និងការព្យាបាលប្រកបដោយប្រសិទ្ធិភាព ជាមួយថ្នាំច្រើនមុខ។ ការផ្សព្វផ្សាយ ពីជំងឺហង់សិន តាមសហគមន៍ និងបុគ្គលិកផ្នែកសុខភាពនៅគ្រប់កម្រិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកករណីថ្មី ការព្យាបាល ជាពិសេសពេលដែលអត្រាប្រេវ៉ាឡង់កាន់តែទាប់ទៅៗ៕