(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានបរិស្ថានកូរ៉េ បានសហការរៀបចំបោះពុម្ពទស្សនវដ្តីចីរភាពបរិស្ថាន នៅអាស៊ី ច្បាប់បោះពុម្ពផ្សាយសម្រាប់កម្ពុជា ដែលនិពន្ធរួមគ្នារវាងកម្ពុជា និងអ្នកជំនាញអន្តរជាតិ។

ការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោក រួមជាមួយលោក Jun Hyun Park អ្នកឯកទេសស្រាវជ្រាវ នៃមជ្ឈមណ្ឌលកិច្ច សហប្រតិបត្តិការអន្តរជាតិ របស់វិទ្យាស្ថានកូរ៉េ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការដាក់ឱ្យដំណើរការកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញនៅកម្ពុជា ឆ្នាំ២០១៩» នៅរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមលោកបណ្ឌិត បានបន្តថា រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានបរិស្ថានកូរ៉េ មិនត្រឹមតែសហការគ្នាលើការសិក្សាអនឡាញប៉ុណ្ណោះទេ ថែមទាំងបានសហការគ្នាលើការរៀបចំផែនការមេ (Marster Plan) នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប ដើម្បីធ្វើការអភិរក្ស និងអភិវឌ្ឍប្រកបដោយនិរន្តិ៍ភាព។

លោក សុខ ទូច បានបន្ថែមទៀតថា ស្របពេលដែលសង្គមជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចថេរ និងកំណើនប្រជាជននៅតាមទីប្រជុំជន យើងសង្កេតឃើញថា សកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកាន់តែមានសន្ទុះខ្លាំង តម្រូវការធនធានធម្មជាតិកាន់តែច្រើន ដែលបង្កឱ្យមានផលប៉ះពាល់ដល់គុណភាពបរិស្ថាន សុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណភាពទីក្រុង សុខុមាលភាពសង្គម បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត។ លោកបានបន្តថា បច្ចុប្បន្ននេះ បណ្តាទីប្រជុំជន និងទីក្រុងធំៗនៅកម្ពុជា បាននឹងកំពុងប្រឈមនឹងការកើនឡើង នូវបរិមាណសំណល់រឹង, រាវ ការកកស្ទះចរាចរណ៍ និងកំណើនតម្រូវការថាមពល ទឹកស្អាត ក៏ដូចជាកង្វះខាតលំហបៃតងជាដើម។

លោកបណ្ឌិត បានបញ្ជាក់ថា ការគ្រប់គ្រងបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ស្ថាប័នពាក់ព័ន្ធត្រូវទទួលខុសត្រូវរួមគ្នា ប៉ុន្តែក្នុងកម្រិតផ្សេងគ្នាតាមសមត្ថកិច្ចរៀងៗ ខ្លួនតែប៉ុណ្ណោះ។ ចំពោះបញ្ហាប្រឈមមុខ គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំអងបី នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺ៖ សេដ្ឋកិច្ច, បរិស្ថាន និងសង្គម ហើយយើងមិនអាចប្រើវិធី «រីកចម្រើនមុន សម្អាតក្រោយ ដូចប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោកបានក្នុងពេលកន្លងមកនោះទេ»