(ត្បូងឃ្មុំ)៖ សិប្បកម្ម និងរោងចក្រកែច្នៃដើមកៅស៊ូជាច្រើនទីតាំង នៅខេត្តត្បូងឃ្មុំ ត្រូវប្រឈមបិទទ្វារជាបណ្ដើរៗ ខណៈទីតាំងខ្លះបានបិទទ្វាររាប់ខែមកហើយ ដោយសារតែក្រុមឈ្មួញវៀតណាម បានចូលមកប្រមូលទិញដើមកៅស៊ូមូល ដើមស្វាយចន្ទី និងដើមអាកាសស្យា លួចនាំចេញតាមច្រករបៀងមួយចំនួន ដោយមិនបានបង់ពន្ធជួនរដ្ឋត្រឹមត្រូវនោះឡើយ ពោលគ្រាន់តែចំណាយខ្ទង់ ២០០ដុល្លារ សម្រាប់បែងចែកទៅកាន់សមត្ថកិច្ច និងមន្ដ្រីពាក់ព័ន្ធនៅតាមព្រំដែនតែប៉ុណ្ណោះ។
តំណាងប្រធានសមាគមរោងចក្រកែច្នៃឈើកៅស៊ូ នៅខេត្តត្បូងឃ្មុំ លោក សុខ លាងស្រេន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ឈ្មួញវៀតណាម នៅតែបន្ដសកម្មភាព ដើរប្រមូលទិញដើមកៅស៊ូ ដើមស្វាយចន្ទី និងដើមអាកាសស្យា ក្នុងតម្លៃថ្លៃខ្លាំងធ្វើឲ្យអ្នករកស៊ីក្នុងស្រុកជាច្រើននាក់ គ្មានលទ្ធភាពប្រកួតប្រជែងជាមួយពួកគេនោះទេ រហូតរោងចក្រខ្លះត្រូវបិទទ្វារចោលជាយូរខែមកហើយ។
សម្រាប់ទីតាំងរបស់លោក ក៏បានបិទទ្វារអស់រយៈពេលជាច្រើនខែ ដោយសារតែមិនអាចប្រកួតប្រជែងដើរទិញ ដើមកៅស៊ូ ដូចឈ្មួញវៀតណាមបាន ទើបតែថ្មីៗនេះ សាកល្បងដើរទិញតិចតួចប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ លោកបានបញ្ជាក់ថា មូលហេតុដែលឈ្មួញវៀតណាម សម្រុកមកទិញ និងនាំចេញបានយ៉ាងធូរលុងបែបនេះ ក៏ព្រោះតែពួកគេ មិនបានបង់លុយជូនរដ្ឋនោះឡើយ គឺត្រឹមចំណាយលុយ ៨០ម៉ឺនរៀល ក្នុងមួយរថយន្ដបង់ទៅឲ្យមន្ដ្រីពាក់ព័ន្ធនៅតាមព្រំដែន ខណៈដែលអ្នករកស៊ីស្របច្បាប់វិញ ត្រូវបង់ជូនរដ្ឋតាមរយៈគយ រហូតដល់១,៦០០ដុល្លារ ក្នុងមួយរថយន្ដ ទើបធ្វើឲ្យអ្នករកស៊ីខ្លះ ក្នុងស្រុកត្រូវក្ស័យធុនតែម្ដង។
លោកបន្ដថា បើទោះបីមានបទបញ្ជាពីរដ្ឋមន្ដ្រីក្រសួងកសិកម្មក៏ដោយនោះ ចំពោះការទប់ស្កាត់នៃការលួចនាំចេញ ដឹងជញ្ជូនដើមកៅស៊ូមូល ប៉ុន្ដែហាក់គ្មានប្រសិទ្ធភាពនោះឡើយ និងថ្មីៗនេះ ក្រុមឈ្មួញវៀតណាម បានប្ដូររូបភាពដឹកចេញនៅពេលថ្ងៃ មកពេលយប់វិញ ដោយពេលថ្ងៃពួកគេដើរប្រមូលទិញ យកទៅស្ដុបទុកនៅតាមផ្ទះប្រជាពលរដ្ឋ។
ពាក់ព័ន្ធបញ្ហានេះ លោកសូមអំពាវនាវដល់ អគ្គស្នងការនគរបាលជាតិ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជួយចាត់វិធានការឲ្យមានប្រសិទ្ធភាពដើម្បីកុំឲ្យឈ្មួញវៀតណាម មកធ្វើព្យុះធ្វើភ្លៀងបែបនេះតទៅទៀត។
សូមបញ្ជាក់ថា អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុក ក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងពីផលលំបាក និងការខាតបង់ជាច្រើនដោយសារតែក្រុមឈ្មួញវៀតណាម បានដើរប្រមូលទិញដើមកៅស៊ូមូល ដើមស្វាយចន្ទី និងដើមអាកាសស្យា ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ ដោយមួយថ្ងៃៗចេញរាប់សិបរថយន្ដធុនធំ ដោយមិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋនោះទេ។
រដ្ឋមន្ដ្រីកសិកម្ម លោក វេង សាខុន កាលពីដើមខែតុលា ឆ្នាំ២០១៧ ក៏បានជម្រាបជូនទៅអភិបាលខេត្តត្បូងឃ្មុំ សុំអន្ដរាគមន៍បិទការនាំចេញវត្ថុធាតុដើមទាំងនេះផងដែរ ប៉ុន្ដែនៅមិនទាន់មានប្រសិទ្ធភាពនោះឡើយ បើទោះបីលោករដ្ឋមន្ដ្រី ព្រមានចាត់វិធានការយ៉ាងណាក៏ដោយនោះ។
យោងតាមលិខិតសំណូមពររបស់តំណាងរោងចក្រកែច្នៃឈើកៅស៊ូ ដែលដាក់ជូនរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងដោយសុំឲ្យពិនិត្យ និងអន្ដរាគមន៍ បិទការនាំចេញឈើកៅស៊ូមូល ស្វាយចន្ទី អាកាសស្យាមិនទាន់កែច្នៃរបស់ឈ្មួញវៀតណាម ដែលគេចបង់ពន្ធជូនរដ្ឋដោយពួកគេបានចូលមកទិញចំការពីប្រជាជន ហើយជួលឡានដឹកតាមច្រករបៀង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងអណាធិបតេយ្យ ជាពិសេសនៅច្រកដា ដែលធ្វើឲ្យរោងចក្រកែច្នៃឈើក្នុងស្រុក គ្មានឈើចូលរោងចក្រសម្រាប់កែច្នៃ ចំណែកកម្មករ គ្មានការងារធ្វើ និងបាត់បង់ចំណូលពន្ធរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុក ក៏បានដាក់លិខិតសុំអន្ដរាគមន៍មួយផ្សេងទៀត ជូនអភិបាលខេត្តត្បូងឃ្មុំ ដើម្បីមានចំណាត់ការ ប៉ុន្ដែនៅតែមិនទាន់ទទួលបានប្រសិទ្ធភាពនៅឡើយ៕