(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារ រវាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូក្រុមហ៊ុន Suzhou Zhongchu Puhua Electric Tecnology Co,Ltd មកពីទីក្រុង Suzhou ខេត្ត Jiangsu នៃប្រទេសចិន ដឹកនាំដោយលោក Hongjian Wang ជាប្រធានក្រុមហ៊ុន នៅរសៀលថ្ងៃអង្គារ ១៣ ទី០៦កើត ខែកក្តិក ឆ្នាំចរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក Hongjian Wang ជាប្រធានប្រតិភូបានសម្តែង នូវការពេញចិត្ត និងចាប់អារម្មណ៍ខ្ពស់ ចំពោះការវិនិយោគបង្កើតរោងចក្រ ផលិតឧបករណ៍សម្ភារៈអគ្គិសនីនៅកម្ពុជា ដែលមានការចាប់អារម្មណ៍ខ្លាំង នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។
លោក Hongjian Wang បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៨៣ ហើយតាមរយៈភាពរីកចម្រើន ផ្នែកបច្ចេកវិទ្យាជាបន្តបន្ទាប់ ក្រុមហ៊ុនបានផលិតឧបករណអគ្គិសនី ដូចជាប្រអប់ភ្លើង និងកុងតាក់បិទបើកភ្លើងជាដើម លក់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ផងដែរ។ ចំពោះទីផ្សារកម្ពុជា លោកមានជំនឿថា នឹងមានកំលាំងទិញល្អប្រសើរ។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងបានបកស្រាយចម្ងល់ទាំងឡាយ របស់ភាគីភ្ញៀវស្តីពីស្ថានភាពទូទៅ ជាពិសេសទាក់ទងនឹងទិសដៅ អភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយដែលបច្ចុប្បន្នកំពុងពូនជ្រុំយ៉ាងរឹងមាំ ជាមួយមិត្តចិន ក្នុងការចូលរួមអភិវឌ្ឍ ក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើម ផ្លូវមួយ ខ្សែរក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន ស៊ី ជីងពីង។ លោកកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា តាំងពីឆ្នាំ២០១៥ មក វិស័យឧស្សាហកម្មចាប់ផ្តើម មានអត្រាកំណើនខ្ពស់ ជាងវិស័យកសិកម្ម ដោយមានកំណើនប្រមាណពី១០ ទៅ១២% ក្នុងមួយឆ្នាំ ស្របពេលដែលវិស័យកសិកម្ម មានកំណើនត្រឹម ០១ទៅ ២% ប៉ុណ្ណោះ។
ចំពោះគោលបំណង របស់ក្រុមហ៊ុនដែលចង់បង្កើតរោងចក្រ នៅតំបន់សេដ្ឋកិច្ចពពិសេស ខេត្តព្រះសីហនុ លោកកិត្តិសេដ្ឋាបណ្ឌិត បានគាំទ្រ ពីព្រោះខេត្តព្រះសីហនុទាំងមូល រាជរដ្ឋាភិបាលបាន កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដែលមានការសម្រួលសេវារដ្ឋបាល គ្រប់បែបយ៉ាងនៅហ្នឹងកន្លែង តាមរយៈយន្តការច្រកចេញចូលតែមួយ។ ទន្ទឹមនឹងនេះ លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានពន្យល់ភ្ញៀវឲ្យបានជ្រាប ពីការលើកទឹកចិត្តនៃច្បាប់វិនិយោគកម្ពុជា សិទ្ធិកាន់កាប់ ជួល និងទិញដីធ្លីរបស់ជនបរទេសនៅកម្ពុជា ដំណោះស្រាយបញ្ហាទឹក ភ្លើង ជំនាញការងារក្នុងចំណោមពលករវ័យក្មេង និងផលិតភាពការងារជាដើម។
ជាពិសេស លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីអត្ថប្រយោជន៍ នៃការនាំចេញនូវមុខទំនិញ រាប់ពាន់មុខពីកម្ពុជា ដោយរួចពន្ធ និងមិនជាប់កូតា ដោយប្រើប្រាស់ភាពអនុគ្រោះពាណិជ្ជកម្មកម្ពុជា ដែលទទួលបានពីប្រទេសអភិវឌ្ឍ និងប្រទេសជាដៃគូ ជាច្រើន ដែលជាឱកាសដ៏ប្រសើរ ចំពោះគ្រប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស៕