(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមគ្រួសារ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើននាក់ បានដង្ហែរអង្គកឋិនទានសាមគ្គី ទៅកាន់វត្តសុវណ្ណគិរីភ្នំជញ្ជាំង ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រមូលបានបច្ច័យសរុប៤៤៩លាន៦៥៣ពាន់រៀល ស៊ីម៉ង់២៦០តោន ដែក៣២តោន និងបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួនជាង៦០០នាក់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីភាពរឹងមាំ សីលធម៌សង្គម សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល និងការពារបាននូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពសង្គមជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងជាដាច់ខាតរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមកម្ពុជា ធានាបាននូវវិបុលសុខ និងភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់មហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យកាន់តែរីកចម្រើនខ្លាំងក្លា «មានផ្លូវគមនាគមន៍ស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិ មានតម្លៃថោក»។
ជាមួយនឹងសុទ្ធាជ្រះថ្លា ក្នុងនាមជាពុទ្ធសាសនិកឧបត្ថម្ភ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបែងចែកវេរប្រគេននូវបច្ច័យ និងសម្ភារ រួមមាន ទី១៖វត្តសុវណ្ណគិរីភ្នំជញ្ជាំង បច្ច័យជាង២២៩ពាន់រៀល ស៊ីម៉ង់១០០តោន ដែក៣២តោន, ទី២៖វត្តស្វាយចេក ស្រុកស្វាយចេក បច្ច័យ១០០លានរៀល, ទី៣៖វត្តអញ្ចាញ ស្រុកមង្គលបុរី បច្ច័យ៣០លានរៀល, ទី៤៖វត្តប្រាសាទភ្នំធំ ស្រុកមង្គលបុរី បច្ច័យ២០លានរៀល, ទី៥៖វត្តកូនដំរី ក្រុងប៉ោយប៉ែត បច្ច័យ១០លានរៀល និងស៊ីម៉ង់២០តោន, ទី៦៖វត្តត្រពាំងថ្ម ស្រុកភ្នំស្រុក បច្ច័យ១០លានរៀល និងស៊ីម៉ង់៥០តោន, ទី៧៖វត្តប្រាសាទកណ្តាលខ្ចាស់ បច្ច័យ២០លានរៀល និងស៊ីម៉ង់៣០តោន, ទី៨៖វត្តបាក់គង្គ (រហាល) បច្ច័យ៣០លានរៀល, ទី៩៖វត្តជប់វារី ស៊ីម៉ង់៥០តោន, ទី១០៖វត្តសេនាប្រជុំពលភ្នៀត ស៊ីម៉ង់ ១០តោន, ទី១១៖ថវិកាប្រគេនព្រះសង្ឃក្រាលគ្រង១អង្គ បច្ច័យ២០ម៉ឺនរៀល ព្រះគ្រូសូត្រឆ្វេង-ស្តាំពីរអង្គមួយអង្គៗ ១០ម៉ឺនរៀល ព្រះសង្ឃហត្ថបាស១៦អង្គ មួយអង្គៗចំនួន៥ម៉ឺនរៀល និងទី១២៖ប្រគេនសាលាបាលី០១ខ្នង កំពស់០២ជាន់ មាន០៦បន្ទប់ នៅវត្តខ្លាកូនចាស់ ក្រុងសិរីសោភ័ណ៕