(ស្ទឹងត្រែង)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារខេត្តចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ ដែលមានអនុភាព៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលថ្មីដ៏ធំនេះ និងធ្វើឡើងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទំនប់វារីអគ្គីសនីដែលធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា បានបិទទ្វារទឹកកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន។
ទំនប់វារីអគ្គិសនីដ៏ធំមួយនេះ មានតម្លៃ៧៨១.៥២លានដុល្លារ ដោយមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន១០ភាគរយ៕