(ភ្នំពេញ)៖ ដើម្បីយល់កាន់តែច្បាស់នូវអ្វីដែលចេះមិនដល់, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមផ្តាំផ្ញើទៅអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយ សម រង្ស៉ី ស្តាប់ឡើងវិញនូវប្រសាសន៍របស់សម្តេចទាក់ទងបញ្ហានៃការលើកលែងទោសលើករណីលោក កឹម សុខា នាឱកាសសម្តេចចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងខេត្តតាកែវ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដោយពន្យល់តាមផ្លូវច្បាប់យ៉ាងច្បាស់ៗថា «បើអត់ទាន់ កាត់ទោស គឺអត់ទាន់មានទោសសម្រាប់លើកលែងឲ្យអ្នកឯងទេ។ ហ៊ុន សែន គ្មានសិទ្ធិចុះហត្ថលេខាថ្វាយព្រះមហាក្សត្រឲ្យលើកលែងទោសឲ្យអ្នកណាទាំងអស់នៅពេល ដែលអ្នកណាក៏ដោយស្ថិតក្នុងក្របខណ្ឌជាពិរុទ្ធជន ឬក៏សាលក្រមមិនទាន់ចូលស្ថាពរ។ ឥឡូវអ្នកឯងចាំមើលទៅ ជាពិសេសបងប្អូនអ្នកគាំទ្រអាម្សៀហ្នឹង។ ខ្ញុំសូមផ្ញើសារដ៏ខ្លីមួយថា ចាំ សេះដុះស្នែងបានវាកើត»។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងផ្តល់កិច្ចសម្ភាសដល់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។ តែមនុស្សដែលចូលចិត្តវាយប្រហារខ្ញុំគេអត់ចេះស្តាប់ និងសិក្សាពីសំដី ដែលបង្កប់ដោយន័យ នយោបាយនិងផ្លូវច្បាប់ដែលខ្ញុំបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់ខ្ញុំ ពេលនេះគេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ ដោយសារការភ្នាល់លើកនេះជាការភ្នាល់ដាក់ជិវិត នយោបាយ ដែលអ្នកបបួលខ្ញុំភ្នាល់គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវឲ្យខ្ញុំត្រូវមានភស្តុតាង និងសូមស្នើឲ្យមេធាវីខ្ញុំរក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយ ត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់ មុនធ្វើការបកស្រាយទាំងមិនដឹងខ្យល់អី។ អ្នកឯងមិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលគ្មានកាយសម្បទារគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវនូវភាសារបស់នាយករដ្ឋមន្ត្រី»។
ការប្រកាសផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ក្រុមអ្នកច្បាប់ និងមេធាវីដែលមាននិន្នាការប្រឆាំងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកច្បាប់និងមេធាវីទាំងនោះ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការមិនដោះលែងលោក កឹម សុខា ជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ៕