រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
14-11-2018 08:36
(ព្រះសីហនុ)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ពិធីនេះត្រូវបានធ្វើឡើងនៅ សាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីរ អ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សូមជំរាបថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន២៤រូប។
ក្នុងនោះលោក សៀង សុខ ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាសបង្គាប់ផ្ទេរតំណែង ពីព្រះរាជអាជ្ញា នៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ ទៅជាព្រះរាជអាជ្ញារអមតុលាការខេត្តព្រះសីហនុ។ ចំណែក លោកស្រី ចាត សូរស្មី ត្រូវបានព្រះមហាក្សត្រ ត្រាសបង្គាប់ផ្ទេរតំណែង ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺវិញ៕