(តាកែវ)៖ ក្នុងរយៈពេលពេញមួយ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃការចុះមកត្រួតពិនិត្យ តាមបណ្ដាលស្ថានីយ និងដេប៉ូប្រេងសាំង នៅក្នុងខេត្តតាកែវ ពីសំណាក់រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីកាំកុងត្រូល ខេត្តតាកែវ បានរកឃើញស្ថានីយ និងដេប៉ូលក់ប្រេងសាំងមួយចំនួនធំ លក់មិនមានភាពប្រក្រតីនោះទេ។

លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់បានថ្លែងថា ក្នុងចំណោមស្ថាននីយ និងដេប៉ូប្រេងសាំងចំនួន១៣ ដែលធ្វើការត្រួតពិនិត្យបានរកឃើញមានស្ថានីយ និងដេប៉ូប្រេងសាំងចំនួន៤ទីតាំងមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ, ២ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ដោយឡែក៧ទីតាំងទៀត គឺមិនមានអនុលោមភាពផ្នែកបរិមាណ។ ចំពោះថ្លៃលក់រាយរបស់ស្ថានីយ និងដេប៉ូប្រេងសាំងទាំង១៣ ទីតាំងបានអនុវត្តន៍ត្រឹមត្រូវ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែងថា ចំពោះស្ថាននីយប្រេងសាំងលក់មិនមានគុណភាព មន្រ្តីជំនាញបានដកហូតយកគំរូទៅវិភាគ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ហើយបើយើងរកឃើញថា ប្រេងសាំងទាំងអស់នេះ នៅតែលក់មិនគ្រប់លីត្រ និងមិនមានគុណភាពដូចអ្វីដែលយើងពិនិត្យ នៅរថយន្តពិសោធន៍ យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញ និងសេវា។

លោកបានសង្កត់ធ្ងន់ថា «នេះជាការអនុវត្តន៍ច្បាប់ ដោយមិនមានការអប់រំតទៅទៀតនោះទេ។ ស្ថាននីយណាមួយដែលលក់ប្រេងសាំងមិនគ្រប់លីត្រ ឬមិនមានគុណភាព ត្រូវតែទទួលការពិន័យទៅតាមច្បាប់កំណត់»

នៅក្នុងឱកាសនោះដែរ លោកប្រធានសាខាកាំកុងត្រូល ក៏បានធ្វើការអំពាវនាវឲ្យម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងសាំងទាំងអស់ សូមលក់ឲ្យគ្រប់លីត្រ មានគុណភាពល្អ ដើម្បីបំរើសេដ្ឋកិច្ចសាធារណៈ និងផ្ដល់ជំនឿទុកចឹត្តពីសំណាក់អ្នកប្រើប្រាស់។

គួរបញ្ចាក់ថា ស្ថានីយ និងដេប៉ូចែកចាយប្រេងសាំង២ ដែលខុសទាំងបរិមាណ និងគ្មានគុណភាពនោះ គឺដេប៉ូរបស់លោក ឈាវ លាំង ដែលមានទីតាំងនៅក្នុងស្រុកត្រាំកក់ និងមួយទៀតជាដេប៉ូរបស់លោក ជៀក ច្រូវ។ ដោយឡែកស្ថាននីយ៍ និងដេប៉ូ៧ទៀត ដែលលក់ខុសបរិមាណ គឺភាគច្រើនស្ថិតនៅក្នុងស្រុកត្រាំកក់ និងមួយទៀតជាដេប៉ូចែកចាយប្រេងសាំងសាវីម៉ិចរបស់លោកស្រី ណុប ម៉ារីយ៉ាន ដែលមានទីតាំងនៅក្នុងក្រុងដូនកែវ៕