(ភ្នំពេញ)៖ ហេតុផលនៅពីក្រោយការបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នាពីសំណាក់ទណ្ឌិត សម រង្ស៊ី រឿងសេរីភាពលោក កឹម សុខា គ្មានអ្វីជាអាថ៌កំបាំងទៀតឡើយ។ លោក សូ ណារ៉ូ ដែលក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនាំគ្នាហៅថា ជាអ្នកលាងគូថឲ្យ សម រង្ស៊ី នោះបានធ្លោយមាត់និយាយជាសាធារណៈអំពីគម្រោងការដណ្តើមអំណាចពីលោក កឹម សុខា ពីសំណាក់ទណ្ឌិត សម រង្ស៊ី។
នៅក្នុងការបកស្រាយឡាយផ្ទាល់តាមហ្វេសប៊ុកកាលពីថ្ងៃចន្ទ អន្ទិត សូ ណារ៉ូ ដែលខំតាំងខ្លួនជាគ្រូបង្រៀនទស្សនៈវិជ្ជាផង បានធ្លោយមាត់ដោយចៃដន្យថា នាដើមខែធ្នូខាងមុខនេះ ទណ្ឌិត សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចគ្រោងនឹងរៀបចំពិធីជួបជុំមួយ ដើម្បីធ្វើបក្សប្រហារតែងតាំងទណ្ឌិត សម រង្ស៊ី ឲ្យធ្វើជាមេដឹកនាំក្រុមប្រឆាំងជំនួសលោក កឹម សុខា ដែលកំពុងដាក់ឲ្យស្ថិតក្រោមការតាមដានរបស់តុលាការ។
នេះគឺជាផែនការទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការប្លន់ដណ្តើមអំណាចពីលោក កឹម សុខា យកមកគ្រប់គ្រងវិញ បើទោះបីជាមានចលនាប្រឆាំងយ៉ាងខ្លាំងក្លាមកពីផ្ទៃក្នុងក្រុមប្រឆាំង មិនចង់ឃើញទណ្ឌិត សម រង្ស៊ី មានមុខជាថ្មីក្នុងការដឹកនាំចលនាប្រឆាំងក៏ដោយ។ ការធ្លោយមាត់របស់អន្ទិត សូ ណារ៉ូ បានបកអាក្រាតឲ្យគេឃើញយ៉ាងច្បាស់ក្រឡែតអំពីផែនការ ក្បត់របស់ ទណ្ឌិត សម រង្ស៊ី ក្នុងការប្លន់ដណ្តើមអំណាចពីលោក កឹម សុខា។
ហើយវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងល្អអំពីហេតុផលដែលទណ្ឌិត សម រង្ស៊ី បបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់រឿងការដោះលែងលោក កឹម សុខា។ នរណាៗក៏យល់បានដែរ ហើយវាជាការឈឺចាប់បំផុតសម្រាប់ផ្ទៃក្នុងក្រុមប្រឆាំងដែលទណ្ឌិត សម រង្ស៊ី លេងល្បែងធ្វើបាបលោក កឹម សុខា នៅលើគោកបែបនេះ។ គោលបំណងពិតរបស់ សម រង្ស៊ី គឺធ្វើយ៉ាងណាកុំឲ្យលោក កឹម សុខា មានសេរីភាពវិញឲ្យសោះ ពីព្រោះបើលោក កឹម សុខា ត្រូវបានដោះលែងមែន ផែនការក្បត់របស់ខ្លួនដែលចង់ធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា នឹងបរាជ័យទាំងស្រុង។ ហេតុដូច្នេះហើយបានជា សុខៗស្រាប់តែទណ្ឌិត សម រង្ស៊ី ស្លឈាម អន្ទះសារ មកបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើលោក កឹម សុខា មិនត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ ២០១៨ ឬយ៉ាងយូរត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ទេនោះ ទណ្ឌិត សម រង្ស៊ី សុខចិត្តចូលខ្លួនឲ្យអាជ្ញាធរចាប់ខ្លួន។ ប៉ុន្តែ បើមានការដោះលែងដូចខ្លួនទាយទុកមែននោះ សម្តេចតេជោ ហ៊ុន សែន ត្រូវចុះចេញពីតំណែង។
យើងអាចពិចារណាយ៉ាងសាមញ្ញថា ប្រសិនបើទណ្ឌិត សម រង្ស៊ី ចង់ឲ្យលោក កឹម សុខា មានសេរីភាពមែន ឬឧទាហរណ៍ថា ប្រសិនបើទណ្ឌិតរូបនេះបានទទួលដំណឹងណាមួយថា លោក កឹម សុខា អាចត្រូវគេដោះលែងមែននោះ ទណ្ឌិត សម រង្ស៊ី គួរតែនៅស្ងៀមស្ងាត់ និងជួយប្រាប់ឲ្យអ្នកគាំទ្ររបស់ខ្លួនក៏ស្ងៀមស្ងាត់ដែរ ដើម្បីបន្ធូរសភាពការណ៍សម្រួលដល់ការ ដោះលែងលោក កឹម សុខា។ ប៉ុន្តែហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី បែរជាមកប្រកាសបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់របៀបនេះទៅវិញ។ គឺដើម្បីបញ្ឆេះស្ថានការណ៍កុំឲ្យមានការ ដោះលែងនេះឯង។ ហើយប្រសិនបើសម្តេចតេជោ ហ៊ុន សែន មិនទទួលយកការភ្នាល់នេះទេ ទណ្ឌិត សម រង្ស៊ី នឹងវាយប្រហារទៅលើសម្តេចថា ជាមនុស្សកំសាក ហើយមិនហ៊ានហើបមាត់ទទួលយកការភ្នាល់នេះទេ ដោយសារមានសម្ពាធអន្តរជាតិ ជាមិនខាន។
ដូច្នេះសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏វាងវៃម្នាក់មិនទុកឱកាសឲ្យទណ្ឌិតរូបនេះវាយប្រហារស្រួលៗបានឡើយ។ ឥឡូវនេះពិតជាតម្រិះជិះកឯងហើយសម្រាប់ទណ្ឌិត សម រង្ស៊ី។ ខណៈដែលប្រតិកម្មប្រឆាំងកំពុងចេញពីផ្ទៃក្នុង កំពុងពុះកញ្ជ្រោលអន្ទិត សូ ណារ៉ូ ក៏បានធ្លោយមាត់ដោយមិនដឹងខ្លួនអំពីផែនការក្បត់របស់ សម រង្ស៊ី ដែលធ្វើឲ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរ។ នេះគេមិនហៅថាចេញមុខមកជួយទេ គឺចេញមុខមកជាន់ពន្លិចថែមទៀត ពិតជាបាបកម្មមែន។
យើងក៏សូមប្រាប់ទៅលោកគ្រូទស្សនៈវិជ្ជា សូ ណារ៉ូ វិញដែរថា លោកបាននិយាយអួតអាង និងខំពន្យល់ឆ្ការដៃឆ្ការជើងប្រាប់គេឯងអំពីមូលហេតុពិត និងមូលហេតុដែលជាលេស។ ប៉ុន្តែខ្លួនមិនទាំងស្គាល់មូលហេតុពិតជុំវិញរឿងលោក សម រង្ស៊ី បបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់នេះផង។ ចឹងយើងសូមប្រាប់ទៅលោកគ្រូ សូ ណារ៉ូ ថា មូលហេតុពិតនៅពីក្រោយការបបួលភ្នាល់នេះគឺដោយសារលោក សម រង្ស៊ី មិនចង់ឲ្យលោក កឹម សុខា មានសេរីភាពនេះឯង។ ចំណែកការអះអាងថា មកពីទណ្ឌិត សម រង្ស៊ី ចង់បញ្ឆេះសភាពការណ៍កុំឲ្យស្ងាត់ពេក ឬក៏ថា ដើម្បីទម្លាក់កំហុសលើសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកបញ្ជាលើតុលាការនោះ គ្រាន់តែជាលេសដើម្បីគារពារមុខមាត់ខ្លួនឯង ពេលដែលផ្ទុះប្រតិកម្មចេញពីផ្ទៃក្នុងច្រើនពេកតែប៉ុណ្ណោះ ពីព្រោះគេមើលមិនឃើញថា មានប្រយោជន៍អ្វីសូម្បីបន្តិចដែលទណ្ឌិត សម រង្ស៊ី ត្រូវយកសេរីភាពលោក កឹម សុខា មកធ្វើជាល្បែងភ្នាល់បែបនេះទេ។ ប្រសិនបើចង់ឲ្យគេនិយាយពីខ្លួនដើម្បីកុំឲ្យអ្នកគាំទ្រមួយក្តាប់តូចយល់ថាស្ងាត់ពេកនោះ មានរឿងជាច្រើនដែលទណ្ឌិតរូបនេះត្រូវធ្វើដោយ មិនមែនយកសេរីភាពរបស់ដៃគូមកធ្វើជាកម្មវត្ថុនៃការភ្នាល់បែបនេះឡើយ។
គេនៅចាំបានថា ទណ្ឌិត សម រង្ស៊ី ក្រោយពេលអស់អំណាចពីអតីតគណបក្សសង្គ្រោះជាតិ តែងតែដុតកម្តៅសភាពការណ៍រហូតដើម្បីឲ្យគណបក្សសង្គ្រោះជាតិឆាប់រលាយក្រោមកណ្តាប់ដៃ របស់លោក កឹម សុខា។ ក្រោយពេលគណបក្សនេះរលាយមែន ទណ្ឌិត សម រង្ស៊ី ក៏ស្រាប់តែទៅប្រកាសបង្កើតចលនាសង្គ្រោះជាតិឯណាឆ្កុយ។ ការបង្កើតចលនានេះគឺជាគម្រោងផែនការរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការដណ្តើមអំណាចពីលោក កឹម សុខា នេះឯង។ ប៉ុន្តែដោយសារតែចលនានេះគ្មានការគាំទ្រ ហើយមានតែសំឡេងប្រឆាំងថ្កោលទោស ទណ្ឌិត សម រង្ស៊ី ក៏ឈប់និយាយពីចលនាសង្គ្រោះជាតិនេះរហូតមក។ នេះជាបរាជ័យដ៏អាម៉ាស់បំផុតរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការសាកល្បងកម្លាំងផ្ទៃក្នុងចង់ដណ្តើមអំណាចពីលោក កឹម សុខា។
នេះក៏សបញ្ជាក់ឲ្យឃើញពីកង្វះខាតផ្នែកយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងររបស់ទណ្ឌិត សម រង្ស៊ី ដែលធ្វើអ្វីតាមតែចិត្តនឹកឃើញ ហើយសូម្បីតែកម្លាំងគាំទ្រខ្លួនឯងក៏ក្តាប់លែងបានដែរ។
ចុងក្រោយនេះ ក៏មានចលនាមួយចេញពីផ្ទៃក្នុងក្រុមប្រឆាំងដោយចង់ផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយតែម្តងដោយពួកគេយល់ឃើញថា អ្នកនយោបាយចាស់តែអាយុ តែគំនិតក្មេងខ្ចីរូបនេះ ដើរនយោបាយខុសរហូត ហើយក៏មិនសាកសមនឹងបន្តធ្វើមេដឹកនាំចលនាប្រឆាំងទៀតដែរ។ ដោយមើលឃើញសភាពការណ៍កាន់តែយ៉ាប់យ៉ឺនចំពោះខ្លួន និងដោយគំនុំសងសឹកតបទៅបក្សពួកលោក កឹម សុខា វិញ ទណ្ឌិត សម រង្ស៊ី ក៏បានរៀបគម្រោងថ្មីដើម្បីធ្វើបក្សប្រហារដោយត្រង់ៗតែម្តង នោះគឺការជួបជុំបក្សពួករបស់ខ្លួន ហើយប្រកាសតែងតាំងទណ្ឌិតរូបនេះឲ្យដឹកនាំជំនួសលោក កឹម សុខា តែម្តង ដូចដែលអន្ទិត សូ ណារ៉ូ បានធ្លោយមាត់អ៊ីចឹង។
សរុបទៅផែនការក្បត់របស់ សម រង្ស៊ី ដើម្បីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ត្រូវបានគេដឹងលឺអស់ហើយ គឺពួកគេនឹងរៀបចំធ្វើនៅដើមខែធ្នូខាងមុខនេះ។ ដូច្នេះទណ្ឌិត សម រង្ស៊ី ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ស្កាត់កុំឲ្យលោក កឹម សុខា មានសេរីភាព ពីព្រោះបើលោក កឹម សុខា ចេញមកវិញច្បាស់ជាអំណាចមិនអាចធ្លាក់ក្នុងដៃរបស់ខ្លួនបានឡើយ។ នេះហើយជាហេតុផលពិតនៅពីក្រោយហេតុការណ៍ដែលទណ្ឌិត សម រង្ស៊ី បបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ពាក់ព័ន្ធនឹងសេរីភាពលោក កឹម សុខា។ ទោះយ៉ាងណា តាមព័ត៌មានច្បាស់ការព្រឹត្តការណ៍បក្សប្រហារនេះទំនងជាមិនអាចទៅរួចទេ បន្ទាប់ពីអន្ទិត សូ ណារ៉ូ ធ្លោយមាត់និយាយចេញមកដោយមិនដឹងខ្លួនហើយធ្វើឲ្យបែកការអស់៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ