(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារសាកល្បង របស់អង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវារដ្ឋបាល ឲ្យកាន់តែកៀកជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងឆាប់រហ័សទាន់ពេលវេលា។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅក្រោយកិច្ចប្រជុំនោះថា អង្គភាពច្រកចេញចូលតែមួយ គឺជាយន្តការថ្មីមួយ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការផ្តល់សេវាដល់សាធារណៈ ពិសេសសេវាចាំបាច់ ឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការថ្នាំងថ្នាក់ និងកាត់បន្ថយការយកសេវាកម្រៃក្រៅផ្លូវការច្រើន ក្រៅពីច្បាប់បានកំណត់។
អ្នកនាំពាក្យរូបនេះបន្តថា ក្នុងកិច្ចប្រជុំនោះ លោកអភិបាលបានស្តាប់របាយការណ៍ របស់លោកស្រីប្រធានច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការលើកឡើងរបស់មន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តការងារជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងអាចទុកចិត្តបាន។
លោក ម៉េត មាសភក្តី បានបញ្ជាក់ទៀតថា លោក ឃួង ស្រេង ក៏បានដាក់ចេញនូវផែនការមួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនឹងនីតិវិធីផ្តល់សេវានេះ ដល់ខណ្ឌទាំងអស់ ក៏ដូចជាមន្ទីរ ដើម្បីបន្តផ្សព្វផ្សាយដល់មន្រ្តីថ្នាក់ក្រោម សម្រាប់អនុវត្តន៍កិច្ចការនេះ ឱ្យបានយល់ពីការផ្តល់សេវា ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការផ្តល់សេវា ជូនប្រជាពលរដ្ឋឆ្លើយតប បានទាន់ពេលវេលា ដែលបានកំណត់ដោយច្បាប់ សម្រាប់ការផ្តល់សេវានីមួយៗ។
សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញមានពីរ គឺជួរមុខ ជាអ្នកអនុវត្តន៍កិច្ចការផ្នែករដ្ឋបាល និងជួរក្រោយ នៅក្នុងនេះផ្ទាល់ និងមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និងទីចាត់ការដែលពាក់ព័ន្ធ។ នៅក្នុងអង្គភាពនេះដែរ ក៏មាន១២វិស័យសម្រាប់រៀបចំសេវាជូនពលរដ្ឋ ដែលក្នុងផ្តោតសំខាន់លើវិស័យសូរិយោដី និងសាធារណការ ដែលមានការពាក់ព័ន្ធច្រើន ក្នុងកិច្ចការបំរើជូនពលរដ្ឋចំពោះមុខ ដើម្បីដំណើរការឯកសារ តាំងពីដើមរហូតដល់ចប់ តាមរយះច្រកចេញចូលតែមួយនេះ។
យ៉ាងណាការដំណើរកិច្ចការផ្តល់សេវាកម្មនេះ មានភាពស្មុគស្មាញ និងត្រូវការពេលវេលា ដើម្បីរៀបចំឯកសារ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ។ មន្រ្តីទាំងអស់បាននិងកំពុងបំរើការ ដោយយកចិត្តទុកដាក់ និងប្រឹងប្រែង អនុវត្តន៍ឱ្យបានតាមការកំណត់ នៃច្បាប់ជាធរមាន៕