(ព្រះសីហនុ)៖ លោក អៀង សុធារ៉ា តំណាងឲ្យម្ចាស់ដីចំការទាំងអស់ ដែលមានទីតាំងស្ថិតនៅពយយាម៉ី ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ បានចេញមុខបកស្រាយការពិត និងបំភ្លឺជុំវិញការចោទប្រកាន់ដោយគ្មានភ័ស្ដុ និងសំអាងច្បាប់ដែលថា លោកបានរំលោភដីយាយតាពីរនាក់ប្ដីប្រពន្ធ នៅពយយាម៉ី កាលពីជាង១០ឆ្នាំមុន។

លិខិតបំភ្លឺដែលអង្គភាព Fresh News ទទួលបានលោក អៀង សុធារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក កាលពីម្សិលមិញ ដោយចោទប្រកាន់រូបខ្ញុំបាទ ពីបទរំលោភយកដីយាយតាពីរនាក់ប្ដីប្រពន្ធនោះ គឺជារឿងមិនពិត និងការផ្សាយដោយមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ខ្ញុំបាទ»។

លោក អៀង សុធារ៉ា បានអះអាងទៀតថា យាយតាពីរនាក់ប្ដីប្រពន្ធ បានចូលខ្លួនជាតួរសម្ដែងក្នុងសាច់រឿងនេះ តាំងពីឆ្នាំ២០១០រហូតមក ដែលមានមេក្លោងជាអ្នករៀបចំឲ្យសម្ដែង​ ដើម្បីទាក់ទាញក្ដីអាណិតពីសាធារជន ក្នុងន័យបន្លំការពិត ឆ្លៀតប្រើល្បិតរំលោភយកដីច្បាប់របស់លោក និងអ្នកផ្សេងទៀតតែប៉ុណ្ណោះ ហើយយាយតាក៏ជាជនរងគ្រោះ ក្រោមកលល្បិចរបស់ជនខិលខូចជាមេក្លោង។

លោកបន្ថែមថា ក្រុមជនខិលខូចក្រោមការរៀបចំរបស់មេក្លោង បានប្រើវិធីសាស្ដ្រនេះ ជាល្បិចបោកប្រាប់ដ៏ឆ្លាត និងទាន់សម័យ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងកេងយកប្រយោជន៍ផ្ទាល់ខ្លួន ដោយរំពឹងថា បើឈ្នះបានដី ចាញ់បានប្រាក់ ឬក្ដីសន្ដោសប្រណីពីថ្នាក់ដឹកនាំ និងមហាជនទូទៅជាដើម។

សូមជម្រាបថា ការចេញមកបកស្រាយ ដោយមានសំអាងច្បាប់មកជាមួយ របស់លោក អៀង សុធារ៉ា បានធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគណនី Facebook ឈ្មោះ Hang Borey បានធ្វើការផ្សាយផ្ទាល់ ដោយចោទប្រកាន់មកលើរូបលោក ពីបទរំលោភយកដីរបស់យាយតា នៅពយយាយម៉ី កាលពីជាង១០ឆ្នាំមុន។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីបំភ្លីរបស់លោក អៀង សុធារ៉ា​ ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖​