(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រើពេលជិត ៦ម៉ោង ដើម្បីពិនិត្យ និងពិភាក្សាដេញដោលទៅលើសេចក្តីព្រាងច្បាប់ និងព្រាងគោលនយោបាយជាតិចំនួន៣ មុននឹងសេចក្តីព្រាងច្បាប់ និងគោលនយោបាយនេះដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។
ដោយយោងតាមអក្ខរក្រមដែលជាច្បាប់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ កិច្ចប្រជុំនៅថ្ងៃនេះលោក សេង សុខខេង ប្រធានគណបក្សសញ្ជាតិកម្ពុជាទទួលភារកិច្ចជាប្រធាននៃកិច្ចប្រជុម។ សេចក្តីព្រាងច្បាប់ និងគោលនយោបាយទាំង៣នេះរួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច, ២. សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងទី
៣. សេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០។
ការពិនិត្យ និងកិច្ចពិភាក្សាដេញដោលលើសេចក្តីព្រាងច្បាប់ និងគោលនយោបាយជាតិទាំង៣នេះ មានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងទេសចរណ៍ផងដែរ។
លោក ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ និងគោលនយោបាយនេះ បានធ្វើឡើងពីម៉ោង ០៨៖៣០នាទីព្រឹក រហូតដល់ ១៖១០នាទីរសៀល ដែលមានរយៈពេលរហូតដល់ជិត ៦ម៉ោង។ បើតាមលោក ឈឹម ផលវរុណ កិច្ចពិភាក្សាមានការបកស្រាយពីភាគីខាងក្រសួង ហើយក៏មានការដេញដោលខ្លាំងណាស់ផងដែរពីឧត្តមក្រុមប្រឹក្សា។
«ទិដ្ឋភាពប្រជុំពិតជារស់រវើក និងប្រកបដោយវប្បធម៌សន្ទនាបែបស្ថាបនា យោគយល់គ្នា។ ក្រសួងនីមួយៗ បានធ្វើបទបង្ហាញ ហើយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានតាំងជាសំណួរផង និងផ្តល់យោបល់រិះគន់ផងក្នុងន័យស្ថាបនាផង និងផ្តល់នូវគំនិតយោបល់តាមការយល់ឃើញរៀងៗខ្លួន ជាធាតុចូលដល់ក្រសួងសាមី។ ប្រតិភូក្រសួងជំនាញ បានបំភ្លឺ និងទទួលស្វាគមន៍ចំពោះការលើកឡើងចំៗក្នុងន័យស្ថាបនា ព្រមទាំងទទួលស្គាល់ពីភាពអសកម្មមួយចំនួនដែលត្រូវបន្តកែលំអ»។ លោក ឈឹម ផលវរុណ បញ្ជាក់បន្ថែម។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់លោកថា ក្នុងសេចក្តីព្រាងច្បាប់ និងគោលនយោបាយជាតិទាំង៣នេះ លោកបានបង្ហាញក្តីបារម្ភអំពីការលាងលុយកខ្វក់, បញ្ហាពលករចំណាកស្រុក អាត្រានៃភាពក្រីក្រ និងអ្នកងាយធ្លាក់មកក្រោមបន្ទាត់ក្រីក្រ។ លោកក៏បានទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យទេសចរណ៍ ដើម្បីគេចចេញពីក្តីបារម្ភនៃការដកប្រព័ន្ធអនុគ្រោះពន្ធទំនិញពីបណ្តាប្រទេសអ្នកមាន។
បើតាមលោក ឈឹម ផលវរុណ កិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់ទៅលើសេចក្តីព្រាងច្បាប់ និងគោលនយោបាយទាំង៣នេះ គឺជាការងារលើកទីពីរហើយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ខណៈការងារលើកទី១ គឺបានពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០១៩ ដែលរាជរដ្ឋាភិបាលទើបអនុម័តកាលពីពេលថ្មីៗនេះ៕