(ព្រៃវែង)៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់សម្ភារ បរិក្ខារ សម្រាប់ការងាររដ្ឋបាលសាលារៀន ជូនដល់គ្រឹះស្ថានសិក្សា ចំនួន២៤ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

នៅចំពោះមុខសិស្សានុសិស្សជាច្រើននាក់ លោក ស សុខា បានធ្វើការណែនាំខ្លះៗដល់ប្អូនៗ ត្រូវធ្វើអ្វីដែលល្អ កុំឲ្យខុសពីប្រពៃណីដ៏ល្អផូផង់របស់ខ្មែរ ជាពិសេសត្រូវខិតខំក្រេបជញ្ជក់ ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ និងត្រូវគោរពគាត់ឲ្យដូចជាឪពុកម្តាយទីពីរ ដោយមិនត្រូវធ្វើជាគ្រាប់គ្រួសលើជើងពានមាសទេ ពោលគឺត្រូវខិតខំប្រែក្លាយខ្លួន ឲ្យទៅជាគ្រាប់ពេជ្រលើជើងពានមាសទើបសាកសម។

លោកបន្ថែមថា ឪពុកម្តាយបង្កើត ឬក៏អាណាព្យាបាល គឺជាអ្នកដែលមានគុណបំផុតចំពោះក្មួយៗ ដូចនេះដើម្បីជាការតបស្នងសងគុណដល់លោកទាំងពីរ ក្មួយៗត្រូវខិតខំសិក្សា ដើម្បីប្រែក្លាយខ្លួន​ឲ្យទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយសក្តានុពល ជាបង្អែកគ្រួសារ និងជាសសរទ្រូងដ៏រឹងម៉ាំរបស់ប្រទេសជាតិនាថ្ងៃអនាគត៕