(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុញ្ញាឲ្យលោក Jaing Feng Zhang នាយកផ្នែកកសិកម្ម និងបរិស្ថាននៃអាស៊ីបូព៌ារបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំ នៅលើចំណុចសំខាន់ៗមួយចំនួន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកសាងគម្រោងផែនការ ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០។
តាមរយៈលទ្ធផលនៃការពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងរយៈពេលមួយកន្លះ រួចមកភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ដូចតទៅ៖
ទី១-ការធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងសន្តិសុខស្បៀង នៅកម្ពុជាប្រកបដោយបរិយាប័ន ដោយស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់ទីបួន របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
ទី២- ការអភិវឌ្ឍវិស័យកសិកម្ម ត្រូវធ្វើឡើង ទៅតាមលទ្ធភាព និងសក្តានុភាពនៃគុណភាពដី និងទឹក ហើយនិងប្រភេទដំណាំរួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឲ្យបានប្រាកដប្រជា គ្រប់គ្រាន់បម្រើដល់ការផលិត។
ទី៣-ការកសាងភាពជាដៃគូរវាងវិស័យឯកជន ជាមួយកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។
ទី៤-ការធ្វើទំនើបកម្មកសិកម្ម តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាថ្មីនៃការដាំដុះ ការគ្រប់គ្រងដំណាំ និងការធ្វើយន្តូបនីយកម្មកសិកម្ម ។
ទី៥- វិធានទប់ស្កាត់នូវសត្វចង្រៃ និងជម្អឺឆ្លង ឆ្លងដែន ទាំងរុក្ខាជាតិ និងសត្វ។
ទី៦- ការគាំទ្រដល់ការស្រាវជ្រាវេពូជស្រូវ និងដំណាំ ការបន្សុតពូជ និងការគ្រប់គ្រង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ទី៧. ការជួយកសាងប្រព័ន្ធព័ត៌មានទីផ្សារជូនដល់កសិករ និងពាណិជ្ជករ ហើយនិងការកសាងឃ្លាំងផ្ទុកកសិផលមុនបញ្ចេញទៅកាន់ទីផ្សារនៅតាមសហគមន៍ដាំបន្លែ និងផ្លែឈើ។
ទី៨. ធ្វើការសិក្សាពីលទ្ធភាពនៃការបង្កើនភាពទាក់ទាញ ពីវិស័យឯកជនក្នុងការបង្កើនការបោះទុនវិនិយោគលើការកែឆ្នៃផលិតផលកសិកម្មនៅកម្ពុជា ជាមួយនឹងបទពិសោធន៍ពីរប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសជិតខាងកម្ពុជា ។
បន្ទាប់ពីជំនួបរវាងលោករដ្ឋមន្ត្រី និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីត្រូវបានបញ្ចប់ រដ្ឋមន្ត្រីបានអនុញ្ញាតឲ្យបលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារបេសកកម្មលើកទី៣ របស់ធនាគារពិភពលោកប្រចាំកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)។
លោកស្រី ចំរើន មុទិតា បានឲ្យដឹងថាក្រុមបេសកកម្មលើកទី៣ របស់ធនាគារពិភពលោកប្រចាំកម្ពុជា បានបំពេញទស្សនកិច្ច ចាប់ពីថ្ងៃទី៣០ ខែតុលា រហូតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពិនិត្យមើលលទ្ធភាព នៃការធ្វើការអង្កេតទិន្នន័យមូលដ្ឋាន និងរៀបចំការវាយតម្លៃពាក់កណ្តាលអាណត្តិនៃគម្រោង ការជ្រើសរើសមុខសញ្ញាទទួល ដីសម្បទានសង្គមកិច្ច និងពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាកសិករ ដែលទទួលបានដីសម្បទានសង្គមកិច្ចកន្លងមក។
យោងតាមការពិនិត្យទិដ្ឋភាពជាក់ស្ដែង លោកស្រីបានបញ្ជាក់ថា គម្រោងនេះបា ននិងកំពុងអនុវត្តបានយ៉ាងល្អប្រសើរ ដោយប្រាក់ចំណូលនិងជីវភាពគ្រួសារ របស់សម្បទានិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះផងដែរ លោកស្រីសូមថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី និងមន្ត្រីជំនាញរបស់ក្រសួងដែលបាន និងបន្តផ្តល់កិច្ចសហការយ៉ាងល្អក្នុងការអនុវត្តគម្រោងនេះ។
ជាកិច្ចស្វាគមន៍ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារពិភពលោកដែលបាន និងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានសាទរចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលគម្រោងសម្រេចបាន ដោយសមិទ្ធផលនេះ ហើយបានជួយលើកស្ទួយជីវភាពគ្រួសាររបស់ប្រជាជននៅជនបទ និងបានកាត់បន្ថយភាពក្រីក្រ បានយ៉ាងមានប្រសិទ្ធភាព។
ដើម្បីឲ្យគម្រោងនេះ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមាននិរន្តរភាព លោករដ្ឋមន្ត្រីបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសធនាគារពិភពលោកពិនិត្យ ពិចារណាលើការសិក្សា និងវាយតម្លៃស្ថានភាពនិងគុណភាពនៃដីឲ្យបានស៊ីជម្រៅ ក៏ដូចជាការធ្វើកំណត់តំបន់ដាំដុះ ដើម្បីធានាបាននូវផលិតភាពផលិតកម្ម កសិកម្មរបស់សម្បទានិក។ ចំពោះដីដែលមិនមានភាពអំណោយផល ក្នុងការដាំដុះដំណាំ លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យពិនិត្យមើលពីលទ្ធភាព ក្នុងផ្តល់ហេដ្ឋារចនាសម្ព័ន្ធឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ការផ្តល់ជំនួយទាំងផ្នែកបច្ចេកទេស ពូជសត្វដែលមានតម្លៃ និងសក្តានុពលខ្ពស់ជូនសម្បទានិកដើម្បីចិញ្ចឹម។
ជាការឆ្លើយតប លោកស្រីបានសន្យាថានឹងយកអនុសាសន៍រដ្ឋមន្ត្រីបានផ្តល់ ហើយពិនិត្យឲ្យអស់លទ្ធភាព ដើម្បីធានាដល់ការអភិវឌ្ឍជីវភាពគ្រួសាររបស់សម្បទានិក៕