(សិង្ហបុរី)៖ លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា និន្នាការយុទ្ធសាស្រ្តប្រកួតប្រជែងរបស់ប្រទេសមហាអំណាច និងការប្រឆាំងពហុភាគីនិយម បានរុញច្រានឱ្យប្រទេសសមាជិកអាស៊ានមានគោលដៅខុសគ្នា។
លោ លី ស៊ានឡុង បានលើកឡើងថា វត្ដមានសេរីភាព ការបើកចំហ និងមូលដ្ឋានច្បាប់នៃប្រព័ន្ធពហុភាគីនិយមដែលបានគាំទ្រដល់ការរីកចំរើន និងសេ្ថរភាពរបស់អាស៊ានកំពុងស្ថិតនៅក្រោមស្ថានភាពគួរឱ្យព្រួយបារម្ភ។ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងមហាអំណាចធំពីរ បាននិងកំពុងបង្កើតសកម្មភាពឯកតោភាគី និងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ហើយបានដិសេធដោយប្រយោលគំនិតពហុភាគីនិយម។
លោក លី ស៊ានឡុង ក្នុងនាមជាប្រធានអាស៊ាន បានលើកឡើងថា រដ្ឋជាសមាជិកអាស៊ាន មានយុទ្ធសាស្ត្រ នយោបាយ និងផលប្រយោជន៍ជាតិរៀងៗខ្លួន តែលោកនៅតែសង្ឃឹមថា អាស៊ាននៅតែធ្វើការងារជាមួយគ្នា និងស្វែងរកចំណុចរួមបានដដែល។
នៅចំពោះមុខដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ នាយករដ្ឋមន្ត្រីសិង្ហបុរី បានបង្ហាញការជឿជាក់ថា អាស៊ាននឹងនៅតែមានភាពខ្លាំងក្លា ប្រសិនបើមិនបែកបាក់គ្នាទេនោះ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ «ដោយការរួបរួមគ្នានៅក្នុងសំឡេងរួម ជាជាងការបែកបាក់គ្នា សមាជិកអាស៊ានទាំងអស់មានគោលជំហរយ៉ាងរឹងមាំនៅលើពិភពលោក។ តាមរយៈអាស៊ាន យើងមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា ជាមួយនឹងការរៀបចំកិច្ចប្រជុំអាស៊ានដូចជាអាស៊ានបូកបី និង EAS ជាដើម»។
«តាមរយៈសមារណកម្មសេដ្ឋកិច្ចរបស់យើង យើងបានជួយឱ្យប្រជាជនរបស់យើងទទួលបានផលពីវិស័យការងារនៅក្នុងតំបន់ និងពង្រឹងតម្លៃនៃសំណើរបស់អាស៊ានទៅកាន់អ្នកវិនិយោគ។ នៅថ្ងៃនេះ អាស៊ានគឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងកា្លយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើ ពិភពលោកនៅឆ្នាំ២០៣០»។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបញ្ជាក់បន្ថែម៕