(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ តំណាងស្ថានទូតសំខាន់ៗ នៅកម្ពុជា ដែលពាក់ព័ន្ធវិស័យសកម្មភាពមីន រួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន អាល្លឺម៉ង់ រុស្សី ថៃឡង់ និងឥណ្ឌា ស្តីពីការត្រៀមចូលរួមកិច្ចប្រជុំលើកទី១៧ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវប្រទេសស្វីសពីថ្ងៃ២៦-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះ ក៏ផ្តោតសំខាន់ៗទៅលើការរិះរកវិធីសាស្រ្ត ក្នុងការគៀងគរធនធាន ដើម្បីបោសសម្អាតមីនឲ្យអស់ពីកម្ពុជាត្រឹមឆ្នាំ២០២៥ផងដែរ។
ទេសរដ្ឋមន្រ្តី លី ធុជ ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចថាឆ្នាំ២០២៥ ជាឆ្នាំដែលនៅលើទឹកដីកម្ពុជាគ្មានមីនប្រឆាំងមនុស្សលោក ហើយជាផែនការដែលបានរៀបចំយ៉ាងម៉តចត់ដោយមានយុត្តិសាស្ត្រ និងនីតិវិធីរបៀបអនុវត្តន៍ ហើយជាផែនការដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនាពេលកន្លងមកនេះ នៅសន្និសីទជាតិស្តីពីវិស័យមីន ហើយបច្ចុប្បន្នអាជ្ញាធរមីនបានអនុវត្តន៍យ៉ាងសស្រាក់ សស្រាំ ជាទីបំផុតដើម្បីឈានទៅដល់ជោគជ័យ នៃការអនុវត្តន៍យុទ្ធសាស្ត្រជាតិឆ្នាំ២០១៨- ២០២៥នេះ។
លោកក៏បានបន្ថែមទៀតថា ដើម្បីឱ្យបានជោគជ័យនូវផែនការនេះ អាជ្ញាធរមីនត្រូវការកម្លាំងបន្ថែមប្រមាណ២ពាន់នាក់បន្ថែមទៀត នៃអ្នកបោសសំអាតមីន ដែលបច្ចុប្បន្នមានកម្លាំងជាង៤ពាន់នាក់ ដែលមួយចំនួន កំពុងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម ដែលការងារទាំងអស់គឺពោរពេញដោយហានិភ័យខ្ពស់ ហើយមួយចំនួនទៀតក៏ត្រូវចូលនិវត្តន៍ ដោយសារពួកគាត់មានវ័យចំណាស់ ដូចនេះហើយត្រូវតែរកកម្លាំងថ្មីបន្ថែម មកចូលរួមដើម្បីធ្វើការបោសសំអាតមីន។
លោកក៏បានបញ្ជាក់ទៀតថា កម្លាំងដែលត្រូវបន្ថែមអ្នកបោសសំអាតមីន គឺជាការជ្រើសរើសដោយប្រតិបត្តិករ ដែលប្រតិបត្តិករជាតិ មានដូចជា ស៊ីម៉ាក់ អិនភីមិច និងប្រតិបត្តិករអន្តរជាតិធំៗមាន ហាឡូត្រាស អិនភីអេ (NPA) ម៉ែក(MAX) ជាអ្នកជ្រើសរើស។ ចំពោះអាជ្ញាធរមីនក៏បានលើកទឹកចិត្ត និងណែនាំឱ្យមានធ្វើបែបនេះដែរ ដើម្បីឱ្យសម្រេចបានតាមគោលដៅនៅឆ្នាំ ២០២៥ខាងមុខនេះ។ លោកបញ្ជាក់ទៀតថា តាមរបាយការណ៍បានឱ្យដឹងថា មានអង្គការមួយចំនួនបានធ្វើការរើសបណ្តើរៗហើយ ហើយក្នុងនោះមានស្ត្រីបានចូលរួមច្រើនក្នុងប្រតិបត្តិការបោសសំអាតមីននេះ ហើយនេះជាគោលដៅដែលយើងបានផ្តល់ជាផែនការ និងការលើកទឹកចិត្តដល់ពួកគេ៕