រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការប្រារព្ធពិធីសូត្រមន្ត ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ
13-11-2018 17:00
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង ពីការប្រារព្ធពិធីសូត្រមន្ត និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ដែលបានស្លាប់ដោយសារការរត់ជាន់គ្នា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។
យោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា ពិធីនេះនឹងប្រព្រឹត្តទៅវេលាម៉ោង៧៖០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានពិធីសូត្រមន្ត នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍ខាងលើ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុរត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស៣៥៣នាក់បាត់បង់ជីវិត និងជាង៧០០នាក់ទៀតបានរងរបួស៕