(សិង្ហបុរី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៧ (17th AEC Council Meeting) ដែលដឹកនាំដោយលោក Chan Chun Sing រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
កិច្ចប្រជុំបានពិនិត្យវាយតម្លៃការងារមុននឹងរាយការណ៍ជូនថ្នាក់ដឹកនាំ។ អាស៊ានបានធ្វើការរួមគ្នាសម្រេចបានសមិទ្ធិផលការងារល្អៗជាច្រើនដូចជា៖ ការបញ្ចប់កិច្ចព្រមព្រៀងអាស៊ានស្តីពីសេវាកម្ម (ASEAN Trade in Services Agreement - ATISA) ពិធីសារទី៤ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអាស៊ានស្តីពីវិនិយោគ (Fourth Protocol to Amend the ASEAN Comprehensive Investment Agreement - ACIA) កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក (ASEAN Agreement on Electronic Commerce)។ លើសពីនេះទៀត កិច្ចប្រជុំ ក៏បានពិភាក្សាពីការត្រៀមកិច្ចប្រជុំកំពូល RCEP លើកទី២ (2nd RCEP Summit)។
ក្នុងអំឡុងកិច្ចប្រជុំលោករដ្ឋមន្រ្តី បានឯកភាព និងសម្តែងការគាំទ្រដល់ស្ថាប័នក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងការចាប់ផ្តើមត្រួតពិនិត្យឡើងវិញនូវសកម្មភាព និងល័ក្ខខ័ណ្ឌប្រតិបត្តិ ដើម្បីធានាថា សកម្មភាពការងារនានានៅក្រោមស្ថាប័នសហគមន៍សេដ្ឋកិច្ចអាស៊ាន ស្របតាមផែនការការងារសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ និងការវិវត្តន៍នៃទំនោរក្នុងតំបន់ និងសកល។
លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានរៀបចំកិច្ចប្រជុំបានយ៉ាងល្អ និងទទួលគណៈប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្តៅ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៧នេះ។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ដែលកិច្ចព្រមព្រៀងនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការសម្រួលដល់ពាណិជ្ជកម្មអេឡិចត្រូនិក និងវិនិយោគឆ្លងកាត់ព្រំដែន ព្រមទាំងកាត់បន្ថយនូវរបាំងចូលទីផ្សារ និងថ្លៃប្រតិបត្តិការបានយ៉ាងច្រើនសម្រាប់ធុរកិច្ច ជាពិសេសសហគ្រាសមីក្រូ តូច និងធម្យម ក្នុងតំបន់អាស៊ាន ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរមា នៃសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់៕