(ភ្នំពេញ)៖ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញចុះពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឈន៍សង្កាត់ ឆ្នាំ២០១៨ និងដាក់ប្រព័ន្ធលូថ្មីប្រវែង៦៣០ម៉ែត្រ និងជួសជុលផ្លូវបេតុង គ្មានឆ្អឹងដែក ប្រវែង២៩៣ម៉ែត្រ ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ។ ពីធីនាថ្ងៃនេះ ក៏មានការចូលរួមពី លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ មន្រ្តី អាជ្ញាធរពាន់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះ លោកពេជ្រ កែវមុនី បានលើកឡើងថា ការបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឈន៍សង្កាត់ និងដាក់ប្រព័ន្ធលូថ្មី, ជួសជុលផ្លូវបេតុងគ្មានឆ្អឹងដែក នាពេលនេះ គឺដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅខណ្ឌមានជ័យ។
ជាមួយគ្នានោះ លោកអភិបាលខណ្ឌមានជ័យ ក៏បានលើកឡើងពីការធ្វើសៀវភៅគ្រួសារ សំបុត្រកំណើត និងសៀវភៅស្នាក់នៅ គឺមិនត្រូវបានបង់ថ្លៃនោះទេ គឺធ្វើជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។
លោកពេជ្រ កែវមុនី បានបញ្ជាក់ជុំវិញបញ្ហាសម្រាមថា ក្នុងករណីមានប្រជាពលរដ្ឋណាម្នាក់ ទុកដាក់សម្រាមមិនត្រឹមត្រូវ ឬបង្កឲ្យមានការប៉ះពាល់ខ្លាំងដល់បរិស្ថាន ដោយមិនបានយកចិត្តទុកដាក់ទេនោះ ខាងសមត្ថកិច្ច និងអាជ្ញាធរ នឹងអនុវត្តទៅតាមច្បាប់ ដោយមានការពិន័យជាប្រាក់ជាដើម។
សូមជម្រាបថា លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក្រៅពីយកចិត្តទុកដាក់បំពេញតួនាទី បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយនោះ ជានិច្ចកាល លោកក៏តែងតែយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទផងដែរ៕