(កំពង់ស្ពឺ)៖ នគរបាលខេត្តកំពង់ស្ពឺ បានដកហូតម៉ូតូ១គ្រឿង របស់ជនសង្ស័យចំនួន០២នាក់ ​បន្ទាប់ពីរត់ចោល​បន្សល់ទុកម៉ូតូនៅតាមផ្លូវ ខណៈព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ច ករណីធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ក្នុងហាងទូរស័ព្ទមួយកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ មានករណីចោរកម្ម ឆក់យកទូរស័ព្ទដៃ ដោយក្រុមជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ។ ជនសង្ស័យ បានស្លៀកពាក់ស៉ីវិល ជិះម៉ូតូ០១គ្រឿងម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AQ-1808 និងបានជិះម៉ូតូចូលមកកន្លែង ហាងលក់ទូរស័ព្ទដៃរបស់ឈ្មោះ ខេង គក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយសួរទិញទូរស័ព្ទម៉ាក OPPO ចំនួន០២គ្រឿង។

ម្ចាស់ហាងឈ្មោះ ខេង គក់ បានយកទូរស័ព្ទឲ្យមើល ក៏ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ចំនួន០២គ្រឿងតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពឆក់នេះ ក្រុមជនសង្ស័យបានរត់ឡើងជិះម៉ូតូ គេចខ្លួនតាមបណ្តោយលើផ្លូវជាតិលេខ៤ មកទិសខាងកើត។

លោកស្នងការបានបន្តថា បន្ទាប់ពីឆក់ហើយភ្លាមៗនោះ ក្រុមជនរងគ្រោះ និងកម្លាំងនគរបាលស្រុកភ្នំស្រួច បានជិះម៉ូតូ និងរថយន្តដេញតាមពីក្រោយ។ ក្រុមជនសង្ស័យ បានមកដល់ចំណុចមុខរោងចក្រកាត់ដេ ក្រុមហ៊ុន វ៉ា សាន អេចខេ ហ្វេកធើរី ខេមបូឌា ស្ថិតនៅក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ស្រាប់តែចុះពីលើម៉ូតូ​ និងបានរត់គេចខ្លួន បន្សល់វត្ថុតាងម៉ូតូ SL តែម្តង ។

ចំពោះវត្ថុតាងម៉ូតូ ត្រូវបានជំនាញនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ យកទៅរក្សាទុក ដើម្បីស្វែងរកជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់៕