(មណ្ឌលគិរី)៖ កសិករដាំដុះដាំណាំកាហ្វេនៅខេត្តមណ្ឌលគិរី លែងព្រួយបារម្ភលើតម្លៃលក់ចេញទៀតហើយ ខណៈសព្វថ្ងៃនេះ មានក្រុមហ៊ុនមួយបានចុះទទួលទិញទិន្នផលកាហ្វេ បញ្ចូនទៅក្រៅប្រទេស ដោយផ្តល់ជូននូវតម្លៃសមរម្យ។
កសិករម្នាក់រស់នៅភូមិពូចារ ឃុំប៊ូស្រា ស្រុកពេជ្រាដា លោក រ៉ូយ ទើប បានឲ្យដឹងថា គ្រួសាររបស់គាត់មានផ្ទៃដីដាំកាហ្វេចំនួន ៨ហិកតា ហើយសព្វថ្ងៃកំពុងប្រមូលផល។ លោកបន្តថា កាហ្វេជាដំណាំមួយប្រភេទងាយស្រួលដាំ និងថែទាំ មិនពិបាកដូចដំណាំម្រេចទេ ចំណែករយៈពេលនៃការប្រមូលផល មានរយៈពេល២ឆ្នាំកន្លះ ដោយគិតចាប់ពីថ្ងៃដាំ។
កសិករដដែល បានបញ្ជាក់ថា តម្លៃកាហ្វេកាលពីឆ្នាំ២០១៧ បានត្រឹម ៦ពាន់រៀល ទៅ ៧ពាន់រៀលប៉ុណ្ណោះ តែនៅឆ្នាំនេះគាត់អាចលក់បានតម្លៃមួយគីឡូក្រាម រហូតដល់ ១ម៉ឺនរៀល សម្រាប់គ្រាប់កាហ្វេស្ងួត រីឯគ្រាប់កាហ្វេស្រស់ក្នុងមួយគីឡូក្រាមតម្លៃ ៤ពាន់រៀល ដែលបានធ្វើឲ្យគាត់រួមនឹងកសិករដដៃទៀត ទទួលបានផលចំណេញច្រើនពីដំណាំនេះ។
លោក រ៉ូយ ទើប បានបញ្ជាក់ទៀតថា ចំណែកទិន្នផលដែលទទួលបាន គឺមួយហិកតា បានគ្រាប់កាហ្វេស្រស់ប្រមាណ៧ ទៅ៨តោន បើហាលស្ងួតអាចនៅសល់ត្រឹម ៤ ទៅ៥តោន។
តំណាងក្រុមហ៊ុន Coffe Timor ប្រចាំខេត្តមណ្ឌលគិរី លោក យស ចាន់ថា បានឲ្យដឹងថា ក្រុមការងាររបស់លោក បាននឹងកំពុងបង្កើនសកម្មភាពចុះបង្រៀន នឹងជួយផ្តល់ជាដើមទុន សម្រាប់បងប្អូនប្រជាកសិករ ដាំដំណាំកាហ្វេ បែបធម្មជាតិដើម្បីអាចនាំចេញទៅក្រៅប្រទេស ហើយទទួលបានតម្លៃថ្លៃ។
លោក ចាន់ថា បានបន្ដទៀតថា ក្រុមការងាររបស់លោក បានចុះធ្វើសកម្មភាពជួយដល់ប្រជាកសិករដាំកាហ្វេ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រយៈពេល ២ឆ្នាំមកហើយ ដោយបានផ្តល់ជាបច្ចេកទេស ឧបករណ៍ប្រើប្រាស់ ដើមទុន រួមនឹងទទួលទិញគ្រាប់កាហ្វេពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារធម្មតា តែបានតម្លៃថ្លៃសម្រាប់តែគ្រាប់កាហ្វេដែលដាំដោយគ្មានប្រើជីកសិកម្មគីមីប៉ុណ្ណោះ។
តំណាងក្រុមហ៊ុន Caffe Timor ក៏បានបង្ហាញអំពីការថែទាំកាហ្វេ គឺចាំបាច់ត្រូវដើរបេះខ្នែងវាដុះចេញពីមែក និងត្រូវស្រោចទឹកនៅរដូវប្រាំង ឲ្យបានក្នុង ១គុម្ព ចំណុះទឹក១០ ទៅ២០លីត្រ ក្នុង១ថ្ងៃ។ បើនៅរដូវវស្សាទឹក មិនបាច់ស្រោចក៏បាន ព្រោះអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់សើមដី។ តែបើដីស្ងួតអាចស្រោចទឹក៣ថ្ងៃម្ដង និងថែមជីក្នុង១គុម្ព២បង្គីសម្រាប់ជីកំប៉ុស្ត។
លោក យន ចាន់ថា បានអះអាងថា ការថែទាំកាហ្វេដិតដល់ វានឹងហុចផលក្នុងរយៈពេល៣ឆ្នាំ នៅឆ្នាំទី៤ ទើបគេចាប់ផ្ដើមប្រមូលផលមែនទែន។ ដើមកាហ្វេ បើគេអាចថែទាំវាបានល្អស្រោចទឹក ដាក់ថែមជីគ្រប់គ្រាន់ វានឹងឲ្យផលបេះផ្លែបានរហូតដល់ជិត២០ឆ្នាំ។
ដោយឡែក លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា សព្វថ្ងៃផ្ទៃដីដាំដំណាំកាហ្វេក្នុងខេត្ត មានសរុបចំនួន២៨៥ ហិកតា ក្នុងនោះកាហ្វេក្រុមហ៊ុនចំនួន ១៣៥ហិកតា។
ចំណែកទីផ្សារកាហ្វេសព្វថ្ងៃនេះ លោកប្រធានមន្ទីរ បានឲ្យដឹងថា កំពុងមានតម្រូវការខ្ពស់ ដោយសារតែប្រជាពលរដ្ឋ ជាពិសេសអ្នកនិយមពិសាកាហ្វេ បានយល់ដឹងច្បាស់ពីផលប្រយោជន៍ នៃការពិសាកាហ្វេធម្មជាតិ និងកាហ្វេគីមី មានភាពខុសគ្នាដូចម្តេច៕