(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការធំៗចំនួន៣ ក្នុងទំហំទឹកប្រាក់ជាង២លានដុល្លារ សម្រាប់គម្រោង៣ឆ្នាំ ជួយដល់កុមារ និងស្រ្តីរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជាទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។
អង្គការចំនួន៣ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច នាព្រឹកមិញនេះ រួមមាន៖ អង្គការហូលថ៍ដើម្បីសុខុមាលភាព ដោយមានគម្រោងថវិកាចំនួន៣៦ម៉ឺនដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ, អង្គការពន្លឺកម្ពុជា ដោយមានគម្រោងថវិកាចំនួន៧៩១,១៦៨ដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ និងអង្គការជំហានដំបូងកម្ពុជា មានគម្រោងថវិកាចំនួន៨៥៤, ៨៣១ដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ។
ពិធីចុះហត្ថលេខានេះមានការចូលរួមពី លោក ហាច ហ៊ាន អនុរដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្រ្តីពាក់ព័ន្ធរបស់ក្រសួង រួមនឹងតំណាងរបស់អង្គការទាំង៣ និងមន្រ្តី-ក្រុមការងារនៅតាមបណ្តាខេត្តជាច្រើនរូបទៀត។
លោក ហាច ហ៊ាន បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការនាពេលនេះរួមគ្នា ដើម្បីធ្វើការងារជួយដល់ការអប់រំ ការសិក្សា និងអភិវឌ្ឍន៍កុមារងាយរងគ្រោះនៅកម្ពុជា ដាច់ស្រយាល និងជួយដល់ កុមារ កំព្រា កុមារក្រីក្រ និងកុមារដែលរងគ្រោះ ដោយសារអំពើហិង្សា។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ច ជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិត ទៀត។
អនុរដ្ឋលេខាធិការរូបនេះ បានលើកឡើងថា ការចុះហត្ថលេខា ជាមួយអង្គការចំនួន៣នេះ គោលដៅសំខាន់ គឺផ្តោតលើការងារជួយឧបត្ថម្ភផ្នែកអប់រំសុខុមាលភាព និងជីវភាពរស់នៅរបស់កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ។ លោកបានស្នើឲ្យក្រុមការងារទាំងអស់ធ្វើការងារនេះ ដោយភាពស្មោះត្រង់ ដើម្បីជួយដល់សង្គមកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានោះ លោកបានស្នើដល់អង្គការទាំង៣នេះ ត្រូវប្រើប្រាស់ថវិកាទាំងនេះឲ្យចំទិសដៅដល់ជនរងគ្រោះ និងងាយរងគ្រោះផ្ទាល់ ឲ្យបានច្រើនជាងការចំណាយផ្នែករដ្ឋបាល។ លោកបានស្នើដល់អង្គការទាំង៣នេះ អនុវត្តគោរពទៅតាមការចុះកិច្ចព្រមព្រៀង មានភាពស្មោះត្រង់ក្នុងការជួយសង្គមកម្ពុជាយ៉ាងពិតប្រាកដ។
ជាការឆ្លើយតបតំណាងអង្គការទាំង៣ ដែលបានចុះ MoU ជាមួយក្រសួងសង្គមកិច្ច នាពេលនេះ បានសម្តែងការត្រេកអរ និងរីករាយដែលបានសហការជួយដល់កុមារ និងស្រ្តីរងគ្រោះ និងាយរងគ្រោះនៅកម្ពុជា តាមរយៈការចុះកិច្ចព្រមព្រៀងនាពេលនេះ។
អង្គការទាំង៣ រំពឹងថា នឹងបន្តការសហការ ជាមួយក្រសួងឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន ហើយនឹងយកថវិកាទាំងនោះ ទៅប្រើបរ្ស់ឲ្យមានប្រសិទ្ធភាពបំផុត៕