(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកស្រី Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋប៊ុលហ្គារី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមមហាសន្និបាតអន្តរជាតិលើកទី២ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាសាស្ត្រ (2nd International Congress on World Civilization and Historic Routes) ចាប់ពីថ្ងៃ១៣-១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី។
ពិធីបើកនៃមហាសន្និបាតអន្តរជាតិលើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់លោក Boyko Borissov នាយករដ្ឋមន្ត្រីសាធារណរដ្ឋប៊ុលហ្គារី លោក Jaime Cabal Sanclemente អគ្គលេខាធិការរងអង្គការទេសចរណ៍ពិភពលោក និងលោក Yordanka Asenova Fandakova អភិបាលក្រុងសូហ្វីយ៉ា និងដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ និងធ្វើដំណើរ វាគ្មិន អ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ មកពីជាង៨០ប្រទេស។
គោលបំណងនៃមហាសន្និបាតអន្តរជាតិ ឆ្នាំ២០១៨នេះ គឺរួមគ្នាពិភាក្សាស្វែងរកចំណុចគន្លឹះ ដើម្បីជំរុញកំណើននៃវិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍខ្សែទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលអាចដើរតួនាទីឈានមុខក្នុងការថែរក្សាការពារ និងជំរុញផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយផង និងបង្កើតអត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សម្រាប់សហគមន៍ និងគាំទ្រដល់របៀបវារៈ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ផងដែរ។
បន្ទាប់ពីពិធីបើក លោករដ្ឋមន្ត្រីនឹងត្រូវធ្វើជាវាគ្មិនគន្លឹះ ក្នុងវេទិកាពិភាក្សាកម្រិតជាន់ខ្ពស់លើប្រធានបទស្តីពី តួនាទីរបស់រដ្ឋាភិបាល និងគោលនយោបាយកម្រិតតំបន់ ក្នុងការអភិវឌ្ឍខ្សែទស្សនកិច្ចប្រវត្តសាស្ត្រ។
នៅក្នុងឱកាសនេះដែរ កម្ពុជា និងប៊ុលហ្គារី នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងលោក ថោង ខុន រដ្ឋមន្ត្រីមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Nikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៊ុលហ្គារី នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប៊ុលហ្គារី ស្ថិតនៅអឺរ៉ុបភាគខាងកើត ជាប្រទេសមួយក្នុងសហគមន៍អឺរ៉ុប (ចាប់ពីឆ្នាំ២០០៧) ដែលធ្លាប់មានទំនាក់ទំនងយ៉ាងល្អជាមួយកម្ពុជា។ ក្នុងឆ្នាំ២០១៧ ប៊ុលហ្គារីទទួលបានទេសចរអន្តរជាតិជាង ៩លាននាក់ ក្នុងកំណើន ៧.៦% (ភាគច្រើនទេសចរក្រិច រូម៉ានី តួកគី អាល្លឺម៉ង់ រុស្ស៊ី) ហើយទេសចរប៊ុលហ្គារីធ្វើដំណើរទស្សនាក្រៅប្រទេសមានជាង ៦លាន (ភាគច្រើនទៅក្រិច តួកគី រូម៉ានី)។
ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកល្អប្រសើរឡើង ហើយកម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរពីប៊ុលហ្គារី និងអឺរ៉ុបកាន់តែច្រើនថែមទៀត។
គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០១៧ ទេសចរអឺរ៉ុបមកកម្ពុជាមានជាង ៨៦ម៉ឺននាក់( ក្នុងនោះមកពអឺរ៉ុបខាងលិចប្រមាណ ៣៨ម៉ឺននាក់ អឺរ៉ុបខាងជើងប្រមាណ ២៤ម៉ឺននាក់ អឺរ៉ុបខាងកើតប្រមាណ ១៣ម៉ឺននាក់ និងអឺរ៉ុបខាងត្បូងប្រមាណ ១១ម៉ឺននាក់)។ ក្រសួងទេសចរណ៍ មានផែនការទាក់ទាញទេសចរអឺរ៉ុបឱ្យបានយ៉ាងតិច ១លាននាក់ ត្រឹមឆ្នាំ២០២០៕