(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានដឹកនាំប្រតិភូ នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា អមដំណើរដោយ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងសមាជិក សមាជិកា រដ្ឋសភា រាជរដ្ឋាភិបាល សិស្សានុសិស្ស សរុបជាង៤០០នាក់ អញ្ជើញទស្សនកិច្ចសិក្សាវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អនុប្រធានគណៈកម្មការសាងសង់ និងសហការី។
វិមានឈ្នះ ឈ្នះ គឺជាសារៈមន្ទីរមគ្គុទេ្ទសក៍ នៃគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសាងសង់នៅលើផ្ទៃដ ៨ហិកតា ហើយមានផ្ទៃបាតក្រោមរបស់វិមានផ្ទាល់មាន ទំហំ៧,០០០ម៉ែត្រក្រឡា ស្ថិតសង្កាត់បាក់ខែង ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ទល់មុខពហុកីឡាដ្ឋានជាតិ មរតកតេជោ ប្រើរយៈពេលសាងសង់ជាង២ឆ្នាំ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដែលនឹងរឿបចំពិធីបុណ្យយ៉ាងអាធិកអាធមជូនជនរួមជាតិរយៈពេល៣ថ្ងៃ ៣យប់ គឺថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨។
បន្ទាប់ពីកិច្ចស្វាគមន៍ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា វិមានឈ្នះឈ្នះ គឺជាការផ្តួចផ្តើមគំនិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលោកមានទស្សនវិជ្ជាធំធេងបំផុត ក្នុងនយោបាយឈ្នះឈ្នះនេះ ហើយក៏ផ្អែកទៅតាមឯកសារនយោបាយឈ្នះឈ្នះ។
នាយឧត្តមសេនីយ៍ បានបន្តថា អ្វីដែលមានលក្ខណៈកាន់តែពិសេសនៅទីនេះ ដែលសប្បាយរីករាយបំផុត ក្នុងទស្សនៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបង្កប់នូវព្រលឹងមួយដ៏ធំធេងបំផុត គឺជាព្រលឹងនៃការធានាបាននូវការធ្វើឲ្យមានសុខដុមបនីយកម្មសាសនា និងសង្គមជាតិទាំងមូល។
ជាក់ស្តែង ក្លោងទ្វារបស់វិមានឈ្នះឈ្នះ គឺជាក្លោងទ្វាជ័យរបស់យើងទាំងអស់គ្នា ដែលមានចម្លាក់មិនធ្លាប់មានទេក្នុងប្រវត្តិសាស្រ្ត គឺជាចម្លាក់រូបសញ្ញា នៃសុខដុមបនីយកម្មសាសនា ដែលមានចម្លាក់សញ្ញា នៃសាសនាព្រះពុទ្ធនៅកណ្តាល ជាសាសនារបស់រដ្ឋ អមសងខាងដោយសាសនាឥស្លាម និងសាសនាគ្រឹស្ត ដែលត្រូវបានសិក្សាយ៉ាងម៉ត់ចត់ ល្អិតល្អន់បំផុតពីបុព្វជិកសាសនានីមួយៗ រហូតទទួលបាននូវការចម្លាក់ នូវសញ្ញាសាសនាទាំងបី ក្រោមម្លប់សុខដុមនីយកម្ម តំនាងនៅវិមានឈ្នះឈ្នះនេះ។
នៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះឈ្នះ មានរូបចម្លាក់ ទាក់ទងទៅនឹងប្រវត្តិនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀត ទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ លោកក៏បានបន្តថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានកំពុងខិតខំធ្វើយ៉ាងណាស្វែងរកឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីយកមកដាក់តាំងបង្ហាញ នៅក្នុងវិមានក្នុងគោលបំណងទុកឲ្យក្មេងៗ ជំនាន់ក្រោយសិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា។
លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងថា ការទស្សនកិច្ចសិក្សាមកកាន់វិមានឈ្នះឈ្នះ របស់ប្រតិភូគណៈដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំឥស្លាម និងសិស្សានុសិស្ស គឺជាការបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយនេះជាមោទនភាពដែលមិនអាចកាត់ថ្លៃបាន ដែលប្រជាជាតិទាំងមូល រួមទាំងសហគមន៍ខ្មែរឥស្លាម បានទទួលផលលើសលប់ពីគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជន ដែលលោកបានពលីលះបង់ជីវិតឈាមស្រស់ ដើម្បីនាំនូវភាពជ័យជំនះ គឺជាការឈ្នះរបស់យើងទាំងអស់គ្នា ជាប្រជាជាតិខ្មែរ និងតកូនតចៅទៅ ជំនាន់ក្រោយទៀត គ្មាននរណាដែលមិនឈ្នះនោះទេ។
ក្នុងនាមសហគមន៍ខ្មែរឥស្លាម លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានផ្តាំផ្ញើដល់សហគមន៍របស់លោកថា ផ្អែកលើគោលការណ៍ នៃសាសនាឥស្លាម សូមបងប្អូនបន្តចូលរួមសហការគ្នា ថែរក្សាអោយបានគង់វង្ស នូវកេរ្តិ៍តំណែលសុខដុមនីយកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ឲ្យបន្តនៅជាប់ជានិច្ចនិរន្តន៍ ដែលជាការចូលរួមគោរពដឹងគុណនូវគុណូបក្ការៈដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងវីរជនស្នហាជាតិរបស់គណបក្សប្រជាជនកម្ពុជា៕