(ភ្នំពេញ)៖ កីឡាករជម្រើសជាតិទោចក្រយានកម្ពុជាចំនួន៨រូប ឧបត្ថមដោយភេសជ្ជៈប៉ូវកម្លាំង វើក បានត្រឡប់មកដល់កម្ពុជាវិញហើយ ជាមួយស្នាមញញឹម និងមោទនភាពពីជ័យលាភីជើងឯក និងមេដៃក្នុងព្រឹត្តិការណ៍ប្រណាំង កង់អន្តរជាតិ Mandalay Criterium Bike Race 2018 នៅទីក្រុងម៉ាន់ដាឡាយ ប្រទេសមីយ៉ាន់ម៉ា កាលពីចុងសប្តាហ៍កន្លងទៅដែលមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ ហើយមានការចូលរួមពីកីឡាករមកពីប្រទេសសិង្ហបុរី ចិន ឥណ្ឌា ភូមា និងកម្ពុជា។
ក្រោយពីបញ្ចប់ការប្រកួតដ៏ស្វិតស្វាញទាំងបច្ចេកទេស និងល្បឿន ជាមួយកីឡាករជម្រើសជាតិ មកពីបណ្តាលប្រទេសខាងលើ លទ្ធផលរបស់កីឡាករជម្រើសជាតិកម្ពុជា ដែលទៅចូលរួមប្រកួតនោះរួមមាន៖ កីឡាករ យឿន ភីយុត ទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ការប្រណាំងអាយុក្រោម២៣ឆ្នាំ ផ្នែកបុរស រីឯការប្រណាំងសម្រាប់វ័យជំទង់វិញកីឡាករកម្ពុជា លោក គឹម ចន្ធូ ទទួលចំណាត់ថ្នាក់លេខ១ ពានជើងឯក ដោយឡែកកីឡាករ វុន សាវីន ទទួលបានចំណាត់លេខ៣ និង ប៊ុន សេងប៉ាវ បានលេខ៤។
Frank Zogznik ដែលជាគ្រូបង្វឹក ហើយក៏ជាអ្នកដឹកនាំកីឡាករកម្ពុជា ទៅកាន់ការប្រកួតខាងលើ បានឲ្យដឹងថា «សម្រាប់ការប្រណាំងផ្នែកយុវជនបុរស កីឡាករ គឹម ចន្ធូ ដែលជាជើងឯកឈ្នះពាន ពិតជាធ្វើបានល្អមែនទែន តាំងពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់ គឺពុំមានកីឡាករណាមួយអាចតាមទាន់គាត់បានឡើយ ក្នុងខណៈដែល កីឡាករ វុន សាវីន និង ប៊ុន សេងប៉ាវ ក៏បានខិតខំយ៉ាងស្វាហាប់ដោយបញ្ចប់ទៅ ជាមួយនឹងចំណាត់ថ្នាក់លេខ៣ និងលេខ៤ តាមពីក្រោយកីឡាករម្ចាស់ផ្ទះភូមា ដែលទទួលបានចំណាត់ថា្នក់លេខ២»។
លោកក៏បានបន្ថែមថា «ចំណែកកីឡាករប្រណាំងផ្នែកបុរស វ័យក្រោម២៣ឆ្នាំ យឿន ភីយុត បិះតែនឹងទទួលបានចំណាត់ថ្នាក់លេខ១ទៅហើយ តែដោយសារទេពកោសល្យ និងជំនាញក្នុងការគ្រប់គ្រងល្បឿន របស់កីឡាកររបស់មកពីប្រទេសចិន ធ្វើឲ្យគាត់របូតនូវឱកាសដ៏ល្អមួយនេះ»។ ទោះបីជាដូច្នេះក្តី សាម៉ីខ្លួនបានសម្តែងនូវការតាំងចិត្តថា រូបគេនឹងមិនឲ្យបាត់បង់ឱកាសម្តងទៀតនោះទេ គេនឹងព្យាយាមហ្វឹកហាត់ ដើម្បីនាំយកនូវកិត្តិយសជូនជាតិក្នុងព្រឹត្តិការណ៍ខាងមុខ។
លោក លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុនផលិតភេសជ្ជៈកម្លាំង វើក ហើយក៏ជាអ្នកស្នេហាវិស័យជិះកង់ ដ៏សម្បើមម្នាក់ផងដែរនោះ ក្រោយពេលបានជ្រាបពីលទ្ធផលនេះ លោកបានរៀបរាប់ទាំងមុខរីករាយដែរថា «យើងពិតជាមានមោទនភាព និង រីករាយបំផុតជាមួយលទ្ធផល ដែលកីឡាករជម្រើសជាតិទោចក្រយានកម្ពុជា បាននាំមកជូនប្រជាពលរដ្ឋកម្ពុជា ជាតិមាតុភូមិ និង លើកមុខមាត់វិស័យកីឡារប្រណាំងកង់នេះ នៅលើឆាកអន្តរជាតិ»។
លោកបន្ថែមទៀតថា «ក្នុងនាមជាម្ចាស់ឧបត្ថមសហព័ន្ធកីឡាទោចក្រយាន យើងសូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាករកម្ពុជា គ្រូបង្វឹក និង ថ្នាក់ដឹកនាំសហព័ន្ធ រហូតទៅដល់ការនាំយកជ័យជំនះ មកដល់មាតុប្រទេសវិញ និង លើកទឹកចិត្តឲ្យក្រុមកីឡាករ និងគ្រូបង្វឹកខិតខំបន្តទៀត ដើម្បីយកជ័យជំនះផ្សេងទៀត ពីអន្តរជាតិនៅពេលខាងមុខ»។
សូមជម្រាបថា ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕