(កណ្តាល)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះអង្កេតត្រួតពិនិត្យទំនិញ នៅជុំវិញផ្សារស្អាងព្រែកតូច និងផ្សារកោះធំ ខេត្តកណ្តាល ដើម្បីពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។
លោក អ៊ូ ម៉ានរិន ប្រធានកាំកុងត្រូលសាខាកណ្តាល បានចុះត្រួតពិនិត្យទំនិញនៅផ្សារស្អាងព្រែកតូច និងផ្សារកោះធំ ហើយធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ គ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់ បន្លែ សណ្តែកបណ្តុះប្រហិត ត្រីងៀត សាច់ក្រក គុយទាវ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ទំនិញមួយចំនួន តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានដកហូតគ្រឿង ភេសជ្ជៈទឹកក្រូចដប ចំនួន១ដប និងនំដំឡូងកំប៉ុង ចំនួន៦កំប៉ុង ហួសរយៈពេលប្រើប្រាស់យកមករក្សាទុកដើម្បីកម្ទេចចោល។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅផ្សារស្អាងព្រែកតូច និងផ្សារកោះធំ ដើម្បីឱ្យពួកគាត់បានយល់ដឹង អំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។
លោក អ៊ូ ម៉ានរិន ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករ នៅក្នុងផ្សារទាំងពីរ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារទាំងពីរ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារខាងលើ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕