(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណៈកម្មការផ្សារដើមគរ ខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទំនិញផ្សារដើមគរ និងតាមតូបលក់ទំនិញមួយចំនួន ដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។
ក្នុងឱកានេះលោក គង់វុទ្ធី អនុប្រធានសាខាកាំកុងត្រូវផែស្ងួតចុងទីភ្នំពេញ បានថ្លែងថា ក្នុងរង្វង់ប្រតិបត្តិការនេះ ក្រុមការងារលោកបានទិញគំរូចំនួន៦០គំរូ, គំរូបញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា៖ បន្លែ, ស្រស់, គ្រឿងសមុទ្រ, ផ្លែឈើ, គុយទាវ, មីស្រស់ប្រហុក, ផ្អក, ជ្រក់, ត្រីងៀត, ត្រីប្រាសំយ៉ុង។ ជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់នោះទេ។
លោកគង់វុទ្ធី បានបន្តថា ចំពោះការចុះពិនិត្យទំនិញនេះ គឺអនុវត្តន៍ជាបន្ទាប់បន្តដោយស្ថិតក្រោមការណែនាំរបស់ប្រធានប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល នឹងលោកប្រធានកាំកុងត្រូលរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរលោក ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿង ប្រើប្រាស់ដែលមានផ្ទុកសារធាតុពុលនិងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។ហើយក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕