(ព្រះសីហនុ)៖ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងរបស់លោកអគ្គបណ្ឌិតសភាចរ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានជួបសំណេះសំណាល ជាមួយក្រុមការងារគណៈកម្មការទ្រទ្រង់មូនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត។
នៅក្នុងពិធីសំណេះសំណាល នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមការងារគណៈកម្មការទ្រទ្រង់មូនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ បាននាំមកនូវថវិកាបរិច្ចាគពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សរុបចំនួន ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមដើម្បីធានាដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងក្រោមកិច្ចផ្ដួចផ្ដើមពីសំណាក់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធាន គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ ដើម្បីជំរុញការកៀរគរការបរិច្ចាគពីសប្បុរសជនកាន់តែទូលំទូលាយ ស្របតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសេចក្ដីថា «បើម្នាក់ចូលរួម ៥,០០០រៀលក្នុងមួយខែ ហើយយើងរួបរួមគ្នា បានដល់ចំនួន ២,០០០,០០០ (ពីរលាន)នាក់ នោះយើងនឹងអាចជួយរក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផាបានយ៉ាងប្រសើរ»។
ជាមួយគ្នានោះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងអស់ ដែលបានលះបង់នូវថវិកាផ្ទាល់ខ្លួន ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា សង្ឃឹម និងជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅតាមបណ្ដារាជធានី-ខេត្តផ្សេងៗទៀត នឹងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់អ្នកគ្រប់គ្នា និងសម្រាប់កុមារគ្រប់រូប ដើម្បីនាំមកននូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សម្រាប់ព័ត៌មានលំអិត៖
* ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
* ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
* ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ ០៦១ ៧០១ ១១១, ០៩៦ ៧០១ ១១១១, ០៩០ ៨៨៨ ០៧២៕