(បាត់ដំបង)៖ លោក សួង ម៉េងឡុង រដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា បច្ចុប្បន្ននេះ ក្រសួងសង្គមកិច្ច លើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធផ្តោតលើការថែទាំកុមារតាមគ្រួសារ និងសហគមន៍ ប្រសើរជាងការប្រមូលផ្តុំកុមារទៅរស់នៅក្នុងមណ្ឌល។
លោក សួង ម៉េងឡុង លើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការបញ្រ្ជាបគោលនយោបាយថែទាំជំនួស ចំពោះកុមារ និង ផ្សព្វផ្សាយលិខិតបទដ្ឋាន នីតិវិធីស្មុំកូនអន្តរប្រទេស» នាថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តបាត់ដំបង។
លោក សួង ម៉េងឡុង បានឲ្យដឹងថា ការរៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងផ្សព្វផ្សាយ ផ្តល់បច្ចេកទេស បង្កើនចំណេះដឹង ពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីការិយាល័យ ស.អ.យ ក្នុងស្រុក មន្រ្តី គ.ក.ស ស្រុក/ក្រុង មន្រ្តី គ.ក.ន ឃុំ/សង្កាត់ និងមន្រ្តីពាក់ព័ន្ធលើការងារថែទាំជំនួសចំពោះកុមារ នីតិវិធីស្មុំកូនអន្តរប្រទេស និងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។
បន្ថែមពីលើនេះ លោក សួង ម៉េងឡុង បានលើកឡើងទៀតថា ការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦នេះ ដោយបានដាក់បញ្ចូល ក្នុងកម្មវិធីគោលនយោបាយ ជាពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ក្នុងយុទ្ធសាស្រ្តទី១ ការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រៀបចំផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលនឹងមានសូចនាករ លទ្ធផល និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត និងមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយតាមវិស័យដទៃទៀត។
ជាមួយគ្នានោះ លោកស្រី ញ៉ឹក សុគន្ធ អភិបាលរងខេត្តបាត់ដំបង បានសម្តែងនូវភាពសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារសំខាន់ណាស់ ចំពោះមន្រ្តីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងអង្គការដៃគូទាំងអស់ក្នុងខេត្តបាត់ដំបងទទួលបានគោលការណ៍ និងបទដ្ឋាននីតិវិធីស្មុំកូនអន្តរប្រទេស សម្រាប់ដំណើរការអនុវត្តក្នុងការ
ផ្តល់សេវាថែទាំកុមារកំព្រា កុមាររងគ្រោះ និងងាយរងគ្រោះ និងកុមារដែលមានបញ្ហាផ្សេងៗទៀត ដើម្បីបំពេញតម្រូវការរបស់កុមារស្របតាមស្ថានភាពបច្ចុប្បន្នក្នុងខេត្តបាត់ដំបង។
លោក សួង ម៉េងឡុង បានគូសបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ លើការងារយកចិត្តទុកដាក់ចំពោះកុមារដោយផ្តល់នូវការការពារកុមារឲ្យរួចផុតពីការរំលោភបំពានផ្សេងៗ ផ្តល់ការចិញ្ចឹមបីបាច់ថែរក្សាផ្តល់សេវាសុខភាព ការអប់រំ រៀនសូត្រ ជាពិសេសការគិតគូរដោយផ្តោតលើការគោរពសិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារគឺ សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការរៀនសូត្រ ការអភិវឌ្ឍន៍ និងសិទ្ធិក្នុងការចូលរួម ដើម្បីឧត្តមប្រយោជន៍កុមារនាពេលអនាគត។
លោក សួង ម៉េងឡុង បានឲ្យដឹងថា លើសពីនេះ ដើម្បីធ្វើឲ្យសហប្រតិបត្តិការជាពហុវិស័យកាន់តែប្រសើរចំពោះកុមារ ក្រសួងបានលើកទឹកចិត្ត ឲ្យផ្តល់ការថែទាំតាមគ្រួសារ សហគមន៍ ស្មុំកូនក្នុងស្រុក ស្មុំកូនអន្តរប្រទេស ជាជម្រើសដំបូង មុននឹងយកកុមារទៅទុកដាក់ថែទាំក្នុងមណ្ឌល ស្របតាមគោលការណ៍ នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសញ្ញាក្រុងឡាអេ ស្តីពីកិច្ចការពារ និងសហប្រតិបត្តិការ៕