(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត បានជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ដែលជួបបញ្ហាគ្រោះរាំងស្ងួត បានចំនួន៦,០០០ហិកតា គិតមកដល់ថ្ងៃនេះ និងនៅសល់ចំនួន១២,០០០ហិកតាទៀត អាជ្ញាធរខេត្តកំពុងខ្នះខ្នែងជួយសង្គ្រោះបន្តទៀត។
ការបញ្ជាក់របស់លោក គួច ចំរើន បានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកចុះជួបសំណេះសំណាល ជាមួយតំណាងគណៈកម្មការទូក «ង» ចំនួន៤០ទូក មកពី៦ស្រុក-ក្រុង ក្នុងខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា៖ «ដំណាំស្រូវរបស់ប្រជាកសិករ ក្នុងខេត្តកំពង់ចាម ដែលកំពុងទទួលនូវការគម្រាមគំហែង ដោយគ្រោះរាំងស្ងួត មានចំនួន១៨,០០០ហិកតា បើគិតមកត្រឹមល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែក្នុងនោះ អាជ្ញាធរខេត្ត បានធ្វើការជួយបូមទឹកសង្គ្រោះបានចំនួន៦,០០០ហិកតាហើយ ដោយឡែកនៅសល់១២,០០០ ហិកតាទៀត ដែលអាជ្ញាធរខេត្ត រួមជាមួយមន្ត្រីជំនាញ កំពុងតែធ្វើការជួយបន្តទៀត»។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបន្តថា ជាការពិតណាស់ថា បងប្អូនដែលរស់នៅជាប់ដងទន្លេនោះ មិនសូវមានបញ្ហាជួបគ្រោះរាំងស្ងួតនោះទេ។ ប៉ុន្តែប្រជាកសិករ ដែលរស់នៅឆ្ងាយពីដងទន្លេ កំពុងតែជួបបញ្ហាខ្វះទឹកបូមដាក់ស្រែ ស្ទើតែប្រែក្លាយជាសង្គ្រាមដណ្តើមទឹកទៅហើយ ដោយសារតែការផ្តល់ទឹកមិនទាន់គ្រប់គ្រាន់ទៅតាមសេចក្តីត្រូវការរបស់ពួកគាត់។
លោក គួច ចំរើន ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ខិតខំប្រឹងប្រែងក្នុងការផ្តល់ទឹកជូនប្រជាកសិករឱ្យបានគ្រប់គ្រាន់ ដោយហេតុថា នៅតំបន់ខ្លះគ្មានប្រភពទឹកគ្រប់គ្រាន់ និងតំបន់ខ្លះប្រភពទឹកនៅឆ្ងាយ និងប្រឡាយខ្លះ ជាប្រឡាយចាស់ ដែលប្រការទាំងនេះ ធ្វើឱ្យមានការលំបាកក្នុងការផ្តល់ទឹកឱ្យគ្រប់គ្រាន់ទៅតាមសេចក្តីត្រូវការរបស់ប្រជាកសិករយើង។
ប៉ុន្តែបើទោះ ជាយ៉ាងនេះក្តី អាជ្ញាធរខេត្ត នៅតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការជួយរកទឹកបូមបញ្ចូលស្រែរបស់ប្រជាកសិករយើង បើទោះជាជួបនូវការលំបាកយ៉ាងណាក៏ដោយ ព្រោះយ៉ាងហោចណាស់ ក៏អាចឱ្យប្រជាកសិករយើងទទួលផលបានខ្លះ ជាពិសេសមិនអាចបណ្តោយទុកឱ្យស្រូវរបស់ពួកគាត់ខូចខាតទាំងស្រុងនោះទេ៕
សូមបញ្ជាក់ដែរថា តំណាងគណៈកម្មការទូក ង ចំនួន៤០ទូក ក្នុងនោះមានទូក អុំ បុរសចំនួន២៣ទូក, ទូកចែវបុរសចំនួន ២ទូក, ទូកខ្នាតអន្តរជាតិ ចំនួន១៥ទូក មកពី៦ស្រុក-ក្រុង មានដូចជា ក្រុងកំពង់ចាម, ស្រុកកំពង់សៀម, ស្រុកកងមាស, ស្រុកបាធាយ, ស្រុកស្រីសន្ធរ និងស្រុកស្ទឹងត្រង់ ដែលទូកទាំងនោះ និងត្រៀមទៅប្រកួតនៅភ្នំពេញនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ៕