(ភ្នំពេញ)៖ លោក ហ៊ុន កុសល ដែលជាអ្នកគាំទ្រសកម្មមួយលើលោក សម រង្ស៉ី កន្លងមក បានចេញមុខប្រឆាំងនឹងយុទ្ធសាស្រ្តចុងក្រោយរបស់ លោក សម រង្ស៉ី ដែលបានយកសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ធ្វើជាកម្មវត្ថុភ្នាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅលើ Facebook នៅថ្ងៃនេះ លោក ហ៊ុន កុសល បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ហ៊ុន កុសល ជាអ្នកគាំទ្រ គណបក្ស សម រង្ស៊ី តាំងពីគណបក្សបង្កើតដំបូង រហូតមកដល់បច្ចុុប្បន្ន ខ្ញុំនៅគោរពស្រឡាញ់លោកប្រធាន ដដែលប៉ុន្តែខ្ញុំនៅតែប្រកាន់ជំហរ មិនគាំទ្រសារនយោបាយរបស់លោកប្រធានចុងក្រោយ ដែលបបួល លោក នាយករដ្ឋមន្រ្តីភ្នាល់គ្នាដាក់សេរីភាព ព្រោះធ្វើឱ្យប៉ះពាល់ស្មារតីសាមគ្គីរបស់បក្សសង្រ្គោះជាតិ។ ខ្ញុំប្រកាសជំទាស់មេ ខ្ញុំមិនអាចរុញមេទម្លាក់ទឹកទេ ខ្ញុំនៅតែប្រកាន់ថា យុទ្ធសាស្រ្តភ្នាល់ ជាយុទ្ធសាស្រ្តខុស»។
លោក សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានយកជីវិតនយោបាយរបស់ លោក កឹម សុខា ទៅបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា។ ដោយអះអាងថា សម្ពាធបរទេសនឹងធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន លើកលែងទោសដល់ លោក កឹម សុខានោះ លោក សម រង្ស៉ី បានកំណត់ការភ្នាល់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី ស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសក្នុងពន្ធនាគារ»។ ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី តែម្តង។ សម្តេចបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗ។
ការដាក់ចេញយុទ្ធសាស្រ្តភ្នាល់របស់ លោក សម រង្ស៉ី បានធ្វើឱ្យមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពី អ្នកគាំទ្ររបស់ លោក កឹម សុខា ដែលក្នុងនោះមានទាំងក្រុមគ្រួសាររបស់លោក និងមេធាវីរបស់លោកថែមទៀតផង។
បើតាមអ្នកច្បាប់ ស្ថិតក្នុងដំណាក់កាលនេះ នាយករដ្ឋមន្រ្តី ពុំមានសិទ្ធិសម្រេចស្នើលើកលែងទោសដល់លោក កឹម សុខានោះទេ ដោយសារតែលោក កឹម សុខា ស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត មិនទាន់ក្លាយទៅជាទណ្ឌិត ដែលមានសាលក្រមស្ថាពរនៅឡើយ៕