(ភ្នំពេញ)៖ កម្មការិនីរោងចក្រ ហ្គ្រីន មីដូវ ឌីវេឡុបមេន បានបន្ដដួលសន្លប់សារជាថ្មី ចំនួន៣០នាក់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ហើយភ្លាមៗក្រុមអង្គភាព ៧១១ កងពលតូចថ្មើរជើងលេខ៧០ បានចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។ ទីតាំងរោងចក្រនេះ ស្ថិតក្នុងភូមិត្រាដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញ កម្មករ-កម្មការិនីរោងចក្រកាត់ដេរមួយនេះ ជិត៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ព្រមទាំងរថយន្តមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះតាមមន្ទីរពេទ្យនាៗ ដើម្បីជួយសង្គ្រោះផងដែរ។
មូលហេតុដែលផ្តើមឱ្យកម្មករដួលសន្លប់ ជាបន្តបន្ទាប់នេះគឺដោយសារបុរសជាជនជាតិខ្មែរ ហើយត្រូវជាអ្នកបកប្រែ ឲ្យថៅកែរោងចក្រ បានប្រើសម្តីខ្លាំងៗស្រែកដាក់ទៅក្រុមកម្មករ-កម្មការិនី ជាហេតុធ្វើឲ្យកម្មការនីម្នាក់ដួកសន្លប់ភ្លាមៗ។ បន្ទាប់មកបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ពេញរោងចក្រ បណ្តាលកម្មករ-កម្មការនីជាច្រើននាក់ទៀត មានអាការៈទន់ដៃជើងសន្លប់បន្តបន្ទាប់រហូត ដល់ទៅជិត៥០នាក់ ក្នុងចំណោមកម្មករសរុប ១.២២៨នាក់៕