(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសកសាងអគារសិក្សា១ខ្នង មានកម្ពស់២ជាន់ និង១២បន្ទប់ ជូនដល់អនុវិទ្យាល័យក្រយា ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
អំណោយអគារនេះត្រូវបានប្រគល់ជូនតាមរយៈ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក។
អគារសិក្សាថ្មីនេះត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា កសាងផ្លូវការនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការចូលរួមពី លោក ជា ចាន់តូ។ បន្ថែមពីនេះលោក ជា ចាន់តូ ក៏បានប្រកាសជួយជួសជុលអគារសិក្សា ចាស់ៗ និងកសាងរបងសាលាផងដែរ។
លោក ជា ចាន់តូ បានឲ្យដឹងថា ការប្រគល់ជូនអគារសិក្សា ដល់អនុវិទ្យាល័យក្រយានេះធ្វើឡើង បន្ទាប់ពីមើលឃើញតម្រូវការចាំបាច់របស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងខ្វះខាតមិនមានអាគារសិក្សាត្រឹមត្រូវ។ លើសពីនេះដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ ក្នុងតំបន់ដាច់ស្រយាលមួយនេះ មានលទ្ធភាពក្នុងការសិក្សារៀនសូត្រ ពិសេសគឺឆ្លើយតបនឹងកំណើនសិស្ស ក្នុងឆ្នាំសិក្សាថ្មី។
លោក ជា ចាន់តូ បញ្ជាក់ថា សមិទ្ធផលក្នុងវិស័យអប់រំដែលសម្រេចជាបន្តបន្ទាប់ នៅទូទាំងប្រទេសជាការខិតខំ របស់រាជរដ្ឋាភិបាលពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងបំណងបង្ខិតសាលារៀន ឲ្យនៅកាន់តែជិតនិងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីឲ្យពួកគេកាន់តែងាយស្រួល និងមានឱកាសរៀនសូត្រដូចសិស្សទាំងផ្សេងៗទៀតតាមបំណងប្រាថ្នា។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានស្នើឲ្យប្រជាពលរដ្ឋរួមសាមគ្គីគ្នា បន្តថែរក្សាការពារសុខសន្តិភាពឲ្យបានគង់វង្ស ព្រោះសុខសន្តិភាពជាមូលដ្ឋាន គ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេស។ សូមចាំថាមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងបន្តគាំទ្រចំពោះគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀតដើម្បីការរីកចម្រើន របស់សង្គមជាតិ និងការរស់នៅប្រកបដោយសេចក្ដីសុខសាន្ត។
លោកអភិបាលរងស្រុកសន្ទុកឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៨នេះ នៅទូទាំងស្រុកសន្ទុកមានអគារសិក្សាដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិចំនួន២៥ខ្នង ក្នុងនោះអគារសង់ពីថ្មមាន២២ខ្នង និងអគារសង់ពីឈើមាន៣ខ្នង។ ក្រៅពីនោះនៅបានជួយកសាងសមិទ្ធផល មួយចំនួនទៀតដែលបម្រើដល់ការសិក្សា របស់សិស្សានុសិស្សថែមទៀតផង៕