(ស្វាយរៀង)៖ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សដែលរៀនពូកែទទួលបានចំណាត់ថ្នាក់ល្អ (ពីលេខ១ដល់លេខ៣ ) សំរាប់ឆ្នាំសិក្សា២០១៨-២០១៩ នេះ ដើម្បីឱ្យមានការខិតខំប្រឹងប្រែងបន្តទៀត នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកស្រី ទុំ ទីណា នាយិកាសាលាបឋមសិក្សាព្រះសីហនុ បានរៀបចំពិធីប្រគល់រង្វាន់ ដល់សិស្សពូកែចំនួន ៦០នាក់ក្នុងនោះមានស្រីចំនួន ៣១នាក់។
ពិធីនេះដែរក៏មានការចូលរួម ពីសំណាក់ លោកគ្រូ អ្នកគ្រូ រួមទាំង សិស្សានុសិស្ស ជាច្រើនផងដែរ នៅក្នុងសាលាបឋមសិក្សាព្រះសីហនុ ស្ថិតនៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកស្រី ទុំ ទីណា បានថ្លែងថា សំរាប់ឆ្នាំសិក្សា ២០១៨- ២០១៩នេះ សាលាបឋមសិក្សាព្រះសីហនុ មានសិស្សសរុបចំនួន ៨៤៥នាក់ ក្នុងនោះសិស្សស្រីចំនួន៤១០នាក់ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ដោយមិនទាន់រាប់បញ្ចូលសិស្សមត្តេយ្យសិក្សានៅឡើយ ហើយមានបុគ្គលិកសិក្សាចំនួន ៤២នាក់ស្រីចំនួន ២៨នាក់។
លោកស្រីនាយិកាសាលាបានបញ្ជាក់ថា ចំពោះការចែករង្វាន់សំរាប់សិស្សពូកែ ដែលរៀនទទួលបានចំណាត់ល្អ (ពីលេខ១ដល់លេខ៣) នាពេលនេះ គឺដើម្បីជាការលើកទឹកចិត្តដល់មាតា បិតា អាណាព្យាបាលសិស្សក៏ដូចជា ខ្លួនសិស្សផ្ទាល់ឱ្យចូលរួមជាមួយសាលា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលវិស័យជាអាទិភាពទាំង៤ របស់រាជរដ្ឋាភិបាលគឺ . ផ្លូវ.ទឹក.ភ្លើង និងធនធានមនុស្ស ដើម្បីជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត ហើយការចែករង្វាន់សិស្សពូកែនាពេលនេះ ក៏មិនមែនជាលើកទី១នោះដែរ គឺធ្វើជារៀងរាល់ឆ្នាំ។
សូមបញ្ជាក់ផងដែរថា សំរាប់ឆ្នាំសិក្សា២០១៨ ២០១៩នេះ សាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ទទួលបាននូវចំណងដៃដ៏ថ្មីស្រឡាង គឺសមិទ្ធផលអគារថ្មកំពស់២ជាន់ មាន២០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ទុកជាចំណងដៃ ដែលពុំអាចកាត់ថ្លៃបានសំរាប់ក្មួយៗ ចៅៗ បានរៀនសូត្រតទៅថ្ងៃខាងមុខបានយូរអង្វែងផងដែរ៕