(ព្រះសីហនុ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេ នៅក្នុងប្រទេសកម្ពុជា បានបើកការិយាល័យសាខាថ្មី នៅខេត្តព្រះសីហនុ ដែលជាខេត្តមួយពោរពេញ ដោយសក្ដានុពលសេដ្ឋកិច្ចខ្លាំង និងជាខេត្តដែលមានកំពង់ផែអន្តរជាតិធំបំផុតក្នុងប្រទេសផងដែរ។

ខេត្តឆ្នេរសមុទ្រមួយនេះ កំពុងក្លាយជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពដែលត្រូវបានសារព័ត៌មាន ញ៉ូវយ៉ក ថាម (New York Times) ឲ្យចំណាត់ថ្នាក់ទី១៣ ក្នុងចំណោម៥២ គោលដៅទេសចរណ៍ប្រចាំឆ្នាំ ២០១៨។ ការពង្រីកវិសាលភាពអាជីវកម្មនេះ នឹងជួយបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិត និងដំណោះស្រាយហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងសម្បូរបែបជូនដល់ប្រជាជន នៅក្នុងខេត្តដ៏ពិសេសមួយនេះ។

Manulife បានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយនេះជាការបើកសម្ពោធការិយាល័យថ្មីទី៦ហើយរបស់ក្រុមហ៊ុន បន្ទាប់ពីការធ្វើអាជីវកម្មរយៈពេល៦ឆ្នាំរបស់ក្រុមហ៊ុននៅកម្ពុជា។ ការិយាល័យដំបូងរបស់ ក្រុមហ៊ុន ត្រូវបានបើកដំណើរការកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ បន្ទាប់មកនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៤, ខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៥, ខេត្តកំពង់ចាម ក្នុងឆ្នាំ ២០១៦ និងខេត្តបន្ទាយមានជ័យ កាលពីដើមឆ្នាំ ២០១៨នេះ។

ការពង្រីកវិសាលភាពអាជីវកម្ម គឺជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីផ្តល់ជូនការការពារហិរញ្ញវត្ថុ និងបរិយាប័នហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា ដែលរស់នៅក្រៅរាជធានីភ្នំពេញ ហើយនេះក៏ស្របគ្នាទៅនឹងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា «អតិថិជនគឺជាអាទិភាពរបស់យើង ហើយយើងតែងតែយកអតិថិជន ជាគោលសម្រាប់រាល់សកម្មភាពដែលយើងធ្វើ។ នេះមានន័យថា អតិថិជនអាចស្វែងរកសេវាកម្មរបស់យើង បាននៅទីកន្លែងដែលពួកគាត់រស់នៅ និងធ្វើការ»

លោកបានបន្ថែមទៀតថា «ការពង្រីកអាជីវកម្មរបស់យើងនេះ គឺជាវិធីសាស្ត្រដ៏សំខាន់មួយផងដែរ ដែលយើងអាចជួយកសាងអនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសារកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ ចាប់ពីថ្ងៃនេះតទៅ ប្រជាជនកម្ពុជា ដែលរស់នៅក្នុងខេត្តព្រះសីហនុ និងតំបន់ជិតខាងនៃខេត្តនេះ នឹងអាចទទួលបានដំណោះស្រាយផ្នែកហិរញ្ញវត្ថុ លំដាប់អន្តរជាតិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលយើងបានផ្តល់ជូនប្រជាជនកម្ពុជា ចំនួនជាង៧ម៉ឺននាក់រួចមកហើយ ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ»។ ការិយាល័យថ្មីរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍នេះ មានទីតាំងនៅផ្ទះលេខ១៦A ផ្លូវចំណោតរ៉ា ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕